ខេត្តបន្ទាយមានជ័យ ជំរុញការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅមូលដ្ឋាន
AKPបន្ទាយមានជ័យថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៦–ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅមូលដ្ឋាន គឺជាចំណុចស្នូលមួយក្នុងការលើកកម្ពស់គុណភាពសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសសេវាសុខភាពមាតា និងសុខភាពបន្តពូជ។

ក្នុងបរិបទនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការដាក់កងក្នុងស្បូន» ដល់បុគ្គលិកមណ្ឌលសុខភាពទូទាំងខេត្ត ដើម្បីពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការផ្តល់សេវាពន្យារកំណើតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំផ្ការំដួល នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោមវត្តមានភាពលោកស្រី ឆាន់ ចន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាល តំណាងឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឆាន់ ចន្ទសោភ័ណ បានបញ្ជាក់ថា ការផ្តល់សេវាសុខភាពបន្តពូជប្រកបដោយគុណភាព គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកែលម្អសុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយហានិភ័យសុខភាពមាតា និងទារក។ លោកស្រីបានលើកឡើងថា មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព គឺជាកម្លាំងជួរមុខដែលផ្តល់សេវាផ្ទាល់ដល់ប្រជាពលរដ្ឋ ដូច្នេះការបំពាក់ចំណេះដឹង និងជំនាញបច្ចេកទេសថ្មីៗ គឺជាកត្តាចាំបាច់ ដើម្បីធានាថាស្ត្រីក្នុងវ័យបន្តពូជទទួលបានសេវាពន្យារកំណើតដែលមានសុវត្ថិភាព ត្រឹមត្រូវ និងសមស្របតាមតម្រូវការ។
លោកស្រីបានបន្តថា ការដាក់កងក្នុងស្បូន គឺជាវិធីសាស្ត្រពន្យារកំណើតមួយដែលមានប្រសិទ្ធភាពខ្ពស់ អាចជួយឱ្យស្ត្រីរៀបចំផែនការគ្រួសារ និងកំណត់ចន្លោះពេលមានកូនបានសមស្រប ដែលជាផ្នែកមួយក្នុងការលើកកម្ពស់គុណភាពជីវិតគ្រួសារ និងការអភិវឌ្ឍធនធានមនុស្ស។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន ការផ្តល់ចំណេះដឹង និងបច្ចេកទេសស្តីពីការដាក់កងក្នុងស្បូនដល់បុគ្គលិកមណ្ឌលសុខភាពទូទាំងខេត្ត ក៏ដូចជាការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលតាមមូលដ្ឋាន ក្នុងការផ្តល់សេវាពន្យារកំណើតជូនស្ត្រីក្នុងវ័យបន្តពូជ ដោយផ្អែកលើគោលការណ៍វិជ្ជាជីវៈ សុវត្ថិភាព និងគុណភាពសេវា។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការគាំទ្រថវិកាពីមូលនិធិកូរ៉េសម្រាប់សុខភាពអន្តរជាតិ (KOFIH) ដែលជាដៃគូដ៏សំខាន់ក្នុងការគាំទ្រវិស័យសុខាភិបាលនៅកម្ពុជា។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើអនាគតសុខភាពរបស់ស្ត្រី និងគ្រួសារកម្ពុជា ដោយធានាថា ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អាចទទួលបានសេវាសុខភាពបន្តពូជប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតប្រជាជន៕
ដោយ៖ ឈុន សារ៉ាត





