ព្រះសង្ឃក្រុងសៀមរាប នាំយកស្បៀងអាហារជូនវីរកងទ័ពជួរមុខ ក្នុងស្មារតីសាមគ្គីភាព ដើម្បីប្រទេសជាតិ
AKPសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៦– ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក និងព្រះតេជគុណ រិតធុយ ស៊ីធីម គ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បាននិមន្តដឹកនាំព្រះសង្ឃ និងសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់ ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន នៅស្រុកត្រពងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាបញ្ជាក់ថា ការចូលរួមរបស់ព្រះសង្ឃ និងសប្បុរសជនក្នុងការរៀបចំ និងនាំយកស្បៀងអាហារជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី គឺជាសក្ខីភាពដ៏មានតម្លៃនៃស្មារតីសាមគ្គីភាព ការចែករំលែក និងមេត្តាករុណាក្នុងសង្គមខ្មែរ។ សកម្មភាពនេះក៏បានបង្ហាញផងដែរថា គ្រប់មជ្ឈដ្ឋានក្នុងសង្គម រួមទាំងវិស័យព្រះពុទ្ធសាសនា គឺតែងតែរួមចិត្តរួមកម្លាំងគ្នាគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់យើង។

ព្រះគ្រូ ហែម គឹមសាន មានថេរដីកាបន្តថា ស្បៀងអាហារ រួមនិងសម្ភារប្រើប្រាស់ដែលចាំបាច់ មិនត្រឹមតែជាជំនួយផ្នែកសម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាសារនៃការយកចិត្តទុកដាក់ការគោរព និងការលើកទឹកចិត្តពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទដែលជាសប្បុរសជនដែលចូលរួម ហើយការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក ស្របនឹងគុណតម្លៃនៃមេត្តាករុណា និងទានក្នុងព្រះពុទ្ធសាសនា។ ការនិមន្តសួរសុខទុក្ខដល់វីរកងទ័ពនាពេលនេះ គឺជាការបង្កើនកម្លាំងចិត្តនិងភាពកក់ក្តៅដែលធ្វើវីរកងទ័ពអាចទទួលបានអារម្មណ៍ថា ពួកគាត់មិនឯកោទេ ហើយមានព្រះសង្ឃ និងបងប្អូន ប្រជាពលរដ្ឋចាំនៅពីក្រោយផ្ដល់ការគាំទ្រផងដែរ។

គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ដែលប្រគល់ជូននាពេលនេះ រួមមាន៖ ត្រីឆ្អើ កាហ្វេក, ទឹកសុទ្ធ , បន្លែ , ខ្ទឹ ,ធូបមូស និងថវិកាមួយចំនួន ៕

ដោយ៖ ឃុត សៅ





