រដ្ឋបាលខេត្តព្រះសីហនុ រៀបចំផ្លូវ (Walk Street) តាមបណ្តោយឆ្នេរបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ
AKPខេត្តព្រះសីហនុថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៦--រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំសាងសង់ផ្លូវកម្សាន្តថ្មីនៅតាមបណ្តោយមាត់សមុទ្រ (Walk Street) ចាប់ពីទីលានតេជោ ស្ថិតក្នុងសង្កាត់លេខ៣ រហូតឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។

ការអភិវឌ្ឍផ្លូវថ្មើរជើង (Walk Street) ថ្មីនាពេលនេះ មិនមែនគ្រាន់តែជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ ដើម្បីបង្កើនសោភ័ណភាព និងជាការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាអាចចាត់ ទុកជាការបន្តនូវស្មារតីសិល្បៈ និងវប្បធម៌នៃការកសាងរបស់ខ្មែរ ដែលបាន បន្សល់ទុកពីអតីតកាល និងកំពុងបន្តបង្ហាញខ្លួនក្នុងទម្រង់ថ្មីនៅក្នុងសង្គមបច្ចុប្បន្ន។
ហើយចំពោះផ្ទាំងថ្មដែលត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់មួយដុំៗ តាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំខេត្ត ប្រៀបដូចជាការរំឭកឱ្យយើងនឹកឃើញដល់បុព្វ បុរសខ្មែរ ដែលធ្លាប់បានដឹកជញ្ជូន កាត់ត និងតម្រៀបដុំថ្មយ៉ាងម៉ត់ចត់មួយដុំម្តងៗ ដើម្បីកសាងប្រាសាទដ៏អស្ចារ្យ ដែលអាចឈរយ៉ាងរឹងមាំឆ្លងកាត់រាប់សតវត្សរ៍ និង ក្លាយជាមរតកសម្រាប់មនុស្សជំនាន់ក្រោយរហូតដល់សព្វថ្ងៃ។
ការអភិវឌ្ឍសាងសង់ផ្លូវកម្សាន្តថ្មីនៅតាមបណ្តោយមាត់សមុទ្រ (Walk Street) ក្នុងក្រុងព្រះសីហនុ និងលេចជារូប រាង្គនៅពេលខាងមុខ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជំរុញការវិនិយោគនូវកម្មវិធីពិសេសជំរុញការវិនិយោគ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ខាងមុខ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងក្នុងការវិនិយោគ ដឹកជញ្ជូន ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនាពេលខាងមុខ៕
ដោយ៖ ងូ សុមុនី





