រដ្ឋបាលខេត្តកំពង់ឆ្នាំងចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមរយៈ Zoom
AKP កំពង់ឆ្នាំង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមរយៈវីដេអូរ(ZOOM)កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ឆ្នាំងពិធីនេះ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កងកម្លាំងទាំងបីជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះលោកស្រី ប៊ន សុភី បានលើកឡើងថាមហាសន្និបាទដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលដៅដើម្បីជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការបន្តនូវចីរភាពជាអង្គការមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចល្អតាមបែបវិមជ្ឈការនិងនិងសហវិជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះលោកស្រីបានបន្តថា ការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្សជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាល។ ការផ្តោតលើវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយនូវភាពក្រីក្រ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាពហុភាគី និងទ្វេរភាគី។ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រឲ្យបានក្នុងឆ្នាំខាងមុខ តាមរយៈការធ្វើពិតកម្មការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។
ថ្លែងក្នុងបរិបទនេះលោកស្រីអភិបាលរងបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានស្វាគមន៍ គំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកសមាគមក្រុមប្រឹក្សា ក្រុង/ស្រុក ឃុំ/សង្កាត់ ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូរយ៉ាងសំខាន់ នៅក្នុងការជម្រុញដំណើរការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ ភាពបុរេសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅតាមមូលដ្ឋាន អាស្រ័យលើ សាមគ្គីភាពផ្ទៃក្នុង និងស្មារតីទទួលខុសត្រូវខ្ពស់ របស់មន្ត្រីគ្រប់រូប និងរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បរិស្ថាន វប្បធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការលើកស្ទួយសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរផងដែរ៕
ដោយ បៃ ស៊ីថុន





