សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអនុប្រធានទី២ សភា នៃសាធារណរដ្ឋហ្គាណា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Andrew Asiamah Amoako អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានអរគុណចំពោះឯកឧត្តម ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

ឯកឧត្ដម Andrew Asiamah Amoako បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលទទួលរៀបចំនូវសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ក្នុងជំនួបពិភាក្សានោះក៏បានផ្ដោតសំខាន់ទៅលើការពង្រីករវាងតំបន់ ជាមួយនឹងតំបន់អាហ្វ្រិក ហើយនៅក្នុងក្របខ័ណ្ឌទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្គាណា គឺកំពុងតែស្វែងរកឱកាសក្នុងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ៕
ដោយ៖ ជឹម ណារី





