ប្រធានក្រុមប្រឹក្សានាំចេញផលិតផលអាម៉េរិក សន្យាជំរុញក្រុមហ៊ុនអាម៉េរិកឱ្យមកវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សានាំចេញផលិតផល ផលិតពីទឹកដោះគោសហរដ្ឋអាម៉េរិក (USDEC) លោកស្រី Krysta Harden បានបញ្ជាក់ថា USDEC នឹងបន្តជំរុញឱ្យក្រុមហ៊ុនអាម៉េរិកកាន់តែច្រើនស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈបេសកកម្មធុរកិច្ចមកកាន់កម្ពុជានាពេលខាងមុខ។
នេះជាការលើកឡើងរបស់លោកស្រី នៅក្នុងជំនួបជាមួយឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះដើម្បីពិភាក្សាការងារអំពីសក្តានុពលទីផ្សារ និងឱកាសវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ជាពិសេសក្នុងផ្នែកអាហារូបត្ថម្ភ។

លោកស្រី Krysta Harden បានលើកឡើងថា USDEC នឹងបន្តសិក្សាពីសក្តានុពលទីផ្សារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ទៅកាន់ក្រុមហ៊ុនជាសមាជិកទាំង១៣៤ របស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាម៉េរិកមកលើទីផ្សារកម្ពុជា ដែលនឹងផ្តល់ជម្រើសផលិតផលមានគុណភាពជាច្រើនថែមទៀតជូនដល់អ្នកប្រើប្រាស់កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីលក្ខខណ្ឌ និងនីតិវិធីចាំបាច់សម្រាប់ការនាំចូលផលិតផលមកកាន់កម្ពុជា ព្រមទាំងបានរំលេចអំពីឱកាសទីផ្សារ កិច្ចសម្រួលពាណិជ្ជកម្ម និងជាពិសេសការលើកទឹកចិត្តផ្នែកវិនិយោគរបស់កម្ពុជាប្រកបដោយបរិយាបន្ន និងគ្មានការរើសអើង។

ជាមួយគ្នានេះ លោកស្រី Krysta Harden បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មាន និងការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពសម្រាប់គ្រប់ក្រុមហ៊ុន ដែលជាការលើកទឹកចិត្តដ៏មុតមាំ សម្រាប់វិនិយោគិនអាម៉េរិកក្នុងការពិចារណាមកបណ្តាក់ទុននៅកម្ពុជា៕
ដោយ៖ ស្រីពេជ្រ





