ឯកឧត្តម សួស យ៉ារ៉ា៖ សង្រ្គាមការពារកេរ្តិ៍ឈ្មោះគឺការងារធំដែលកម្ពុជាត្រូវធ្វើបន្ត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាអ្នកនាំពាក្យសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) បានមានប្រសាសន៍ថា ក្រៅពីលទ្ធផលធំគឺសេចក្ដីប្រកាសក្រុងភ្នំពេញដែលបានសម្រេចជោគជ័យក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ៣ថ្ងៃមកនេះ នៅមានរឿងធំៗជាច្រើនទៀតដែលកម្ពុជាត្រូវធ្វើនោះគឺ សង្រ្គាមការពារកេរ្តិ៍ឈ្មោះ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទ GDT រាជធានីភ្នំពេញ ឯកឧត្តមអ្នកនាំពាក្យសន្និសីទប្រធានសភានៃអន្តរសភា បានមានប្រសាសន៍ថា កម្ពុជាបានបោសម្អាត Scam បានដោយជោគជ័យ ហើយការងារបន្តត្រូវធ្វើគឺការការពារកេរ្តិ៍ឈ្មោះពីការចោទប្រកាន់របស់ប្រទេសមួយហើយយកលេសឈ្លានពានកម្ពុជាទាំងងងើល។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា «សង្រ្គាមមិនសំខាន់តែលើអាវុធទេ សង្រ្គាមការពារកេរ្តិ៍ឈ្មោះធំណាស់ ចឹងគេមិនអាចមកបំផ្លាញកេរ្តិ៍ឈ្មោះរបស់យើងបានទេ នៅពេលដែលយើងមានការប្រជុំកម្រិតប្រធានសភាសាកលហើយ អីចឹងគេដឹងថា កម្ពុជា មិនមែនជាកន្លែង Scam អ្នកឯងមិនមែនអាចយក Scam ឈ្លានពានប្រទេសទេ ចឹងគេបានដឹងហើយ ការឈ្លានពាននេះ ពិតប្រាកដមិនមែនយក Scam មកដាក់ទេ Scamយើងបានប្រយុទ្ធប្រឆាំង យើងបានជោគជ័យ ហើយរាជរដ្ឋាភិបាលធ្វើបន្ត យើងបានប្រកាសនូវតំបន់ទាំងឡាយបានអស់ហើយពីកម្ពុជា ភ្នាក់ងារមួយចំនួនកំពុងធ្វើការបន្តទៀត ដូច្នេះហើយសង្រ្គាមការពារកេរ្តិ៍ឈ្មោះ គឺការធ្វើកិច្ចការទូតទាំងសភា ទាំងរដ្ឋាភិបាលដែលការទូតដ៏សំខាន់នេះ ហៅថា ការពារធម្មានុរូបនៃកម្ពុជា»។

ឯកឧត្តមអ្នកនាំពាក្យសន្និសីទប្រធានសភានៃអន្តរសភា បានបន្ថែមថា ជនរួមជាតិក៏បានហើយឃើញថាកម្ពុជាធ្វើការឱ្យមានសាមគ្គីភាព ជាអន្តរស្ថាប័ន ទាំងរដ្ឋាភិបាល ទាំងសភា ហៅថា «ចលនារួមគ្នាដើម្បីប្រឆាំងច្បាប់ព្រៃ អ្នកខ្លាំងឈ្នះ ហើយអ្នកតូចចាញ់ ដូច្នេះការប្រើប្រាស់ច្បាប់ព្រៃមិនជោគជ័យទេ បើសិនជាជួបជុំគ្នាទេ ចឹងគណនេយ្យភាពស្ថាប័ន និងដំណោះស្រាយផ្លូវច្បាប់»។
ម្យ៉ាងទៀត សន្និសីទប្រធានសភានៃអន្តរសភា លើកទី២នេះ ជាយន្កការមួយសម្រាប់អំពាវនាវឱ្យមានការចូលរួមសង្កេតការណ៍បទឈប់បាញ់កម្រិតសភាសាកល បន្ថែមលើក្រុមអ្នកសង្កេតការណ៍ AOT របស់អាស៊ានបច្ចុប្បន្ន៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ក្រុមការងារ AKP





