ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ កោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្ដម Abdul Raheem Abdulla ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ នេះបើយោងតាមការឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla, ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តមប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ហើយឯកឧត្តមក៏បានកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនឹងឯកឧត្តម ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ គឺបានជជែកទៅលើការពង្រឹងនៅក្នុងក្របខ័ណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕
ដោយ៖ ជឹម ណារី





