សម្ដេចតេជោ ហ៊ុន សែន អរគុណអនុប្រធានរដ្ឋសភាវៀតណាម ដែលបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអរគុណអនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ NGUYEN THI THANH អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបពិភាក្សានោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវអនុប្រធានសភាវៀតណាម ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

ជាមួយគ្នានេះ លោកជំទាវ NGUYEN THI THANH បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃពិធីបើកសន្និសីទកាលពីម្សិលមិញ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំសំខាន់ៗជុំវិញពិភពលោក។ ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម លោកជំទាវបានលើកឡើងថា នៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៧០ឆ្នាំហើយ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ជាខួប៥០ឆ្នាំដែលសម្ដេចតេជោបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីកៀរគរការរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានអរគុណចំពោះលោកជំទាវដែលបានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៦នេះ៕
ដោយ៖ ជឹម ណារី





