សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ រួមគ្នាពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) បានចេញសេចក្ដីប្រកាសទីក្រុងភ្នំពេញដោយលើកឡើងពីសាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។

យោងតាមសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលបានផ្សាយនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅក្នុង សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងខ្ញុំជាប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ជួបជុំគ្នានៅក្នុង សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ពិចារណាឃើញថា សហគមន៍អន្តរជាតិនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន រួមមាន ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការរំខានដល់លំហូរពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងថាមពល ការរំខានផ្នែកបច្ចេកវិទ្យា និងការគំរាមកំហែងតាម ប្រព័ន្ធបច្ចេកវិទ្យា វិបត្តិមនុស្សធម៌ និងវិសមភាពដែលកំពុងតែរីកធំឡើង។»

ក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពពេញលេញ និងភាពប្រទាក់ក្រឡាគ្នា។ សេចក្ដីប្រកាសក៏បានរម្លឹកអំពីតួនាទីដែលមិនអាចខ្វះបានរបស់សភា ក្នុងការលើកកម្ពស់កិច្ចសន្ទនា ការទូតសភា សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលការណ៍ប្រជាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងសេចក្ដីប្រកាសក៏បានលើកឡើងនូវសេចក្តីសម្រេច និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានារបស់អង្គការអន្តរសភា ដែលបានបញ្ជាក់ជាថ្មីអំពីការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ និងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ សេចក្ដីប្រកាសទីក្រុងភ្នំពេញ ក៏បានកោតសរសើរព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២។ «យើងខ្ញុំ បញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារួមរបស់យើង សម្រាប់សណ្តាប់ធ្នាប់ពិភពលោកមួយប្រកបដោយសន្តិភាព និងយុត្តិធម៌ ដែលផ្អែកលើច្បាប់អន្តរជាតិ សមភាពអធិបតេយ្យ សន្តិភាព និងសន្តិសុខ កិច្ចសហប្រតិបត្តិការពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព»។ នេះគឺជាការបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីប្រកាសទីក្រុងភ្នំពេញ។
សេចក្ដីប្រកាសក៏បានគូសបញ្ជាក់ពីការគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចាការសម្រុះសម្រួល និងមធ្យោ បាយសន្តិវិធីផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។ពង្រឹងពហុភាគីនិយម ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពជាអន្តរជាតិ។
បន្ថែមពីនេះទៀត ពង្រឹងការទូតសភា ជាឧបករណ៍ដ៏សំខាន់សម្រាប់ការកសាងទំនុកចិត្ត ការបង្ការជម្លោះ កិច្ចសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងតាមរយៈការគាំទ្រការលើកម្ពស់ការទូតបង្ការ ជម្លោះ និងវិធានការសន្តិវិធីផ្សេងទៀត ដែលជួយដោះស្រាយភាពតានតឹងមុនពេលបញ្ហាក្លាយទៅជាជម្លោះ។ លើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសភានានា ក្នុងការដោះស្រាយបញ្ហា ប្រឈមរួមនៅថ្នាក់តំបន់ និងសកល៕
ដោយ៖ ប៊ុនរិទ្ធ





