និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញ ដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតរ៉ូបូតអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ABU ROBOCON 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ដើម្បីជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្សនិស្សិត ជូនដំណើរក្រុមរ៉ូបូត NPIC ទៅចូលរួមការប្រកួតដ៏មានកិត្យានុភាពនេះនៅព្រលានយន្តហោះអន្តរជាតិតេជោ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា៖ «ការដែលនិស្សិត NPIC ទទួលបានឱកាសតំណាងឱ្យកម្ពុជា ទៅប្រកួតរ៉ូបូតលើឆាកអន្តរជាតិ គឺជាមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងជាសក្ខីភាពបង្ហាញថា និស្សិត TVET កម្ពុជា មានចំណេះដឹង ជំនាញបច្ចេកទេស ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងជាមួយយុវជនមកពីប្រទេសផ្សេងៗ។ សិក្សានៅវិទ្យាស្ថានរបស់យើង មិនត្រឹមតែផ្ដល់ជំនាញសម្រាប់ទទួលបានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំយុវជនកម្ពុជាឈានទៅបង្ហាញសមត្ថភាព និងកសាងកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិផងដែរ»។

អ្នកនាំពាក្យរូបនេះបន្តថា វត្តមានរបស់ក្រុមរ៉ូបូតនៃវិទ្យាស្ថានរបស់ក្រសួងលើឆាកអន្តរជាតិ ក៏បង្ហាញពីការរីកចម្រើនរបស់វិស័យបណ្តុះបណ្តាលជំនាញរបស់កម្ពុជា ក្នុងការបណ្ដុះ បណ្ដាលយុវជនឱ្យក្លាយជាអ្នកប ច្ចេកទេស អ្នកច្នៃប្រឌិត និងធនធានមនុស្សសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេស។
ជាមួយគ្នានេះ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមតំណាងជាតិ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១០ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៥ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២។ បន្ថែមពីនេះ ថ្នាក់ដឹកនាំវិទ្យាស្ថាន NPIC ក៏នឹងផ្ដល់ប្រាក់រង្វាន់បន្ថែមចំនួន ៥ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៣ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២ផងដែរ។

ការចូលរួមប្រកួតនេះបង្ហាញដល់យុវជនជំនាន់ក្រោយថា ការជ្រើសរើសសិក្សាជំនាញបច្ចេកទេស គឺជាស្ពានទៅរកការងារល្អ ការបង្កើតនវានុវត្តន៍ និងឱកាសតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិដែលជាកិត្តិយសជូនជាតិមាតុភូមិ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





