សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល
AKP សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានរៀបចំតាំងពិព័រណ៍នូវសម្លៀកបំពាក់ឈុតស្តេចគ្រងរាជ្យ និងអគ្គមហេសី ៥សម័យកាល ក្នុងបំណងដើម្បីឱ្យសាធារណជនបានឃើញ និងសិក្សាស្វែងយល់។

លោក សែន គឹមស៊ុន អ្នកគ្រប់គ្រងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានបញ្ជាក់ថា ឈុតទាំង៥សម័យកាលខាងលើរួមមាន៖ សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ និងសម័យលង្វែក ហើយក៏មានឈុតអាពាហ៍ពិពាហ៍ព្រះថោងនាងនាគ ផងដែរ។ លោកពន្យល់ថា ឈុតសម្លៀកបំពាក់ទាំងនេះច្នៃឡើងដោយយោងលើរូបចម្លាក់នៅតាមប្រាសាទ និងសារមន្ទីរក្នុង និងក្រៅប្រទេស ដោយឆ្លងការសិក្សាល្អិតល្អន់ និងប្រើពេលវេលាយូរ។ ហើយគោលបំណង នៃការរៀបចំនេះ គឺចង់បង្ហាញសាធារណជនឱ្យបានឃើញដោយផ្ទាល់នូវសម្លៀកបំពាក់ ទាំងឡាយនេះ ដែលកន្លងមកមានតែនៅលើរូបបដិមាតែប៉ុណ្ណោះ។ យ៉ាងណាមន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះពន្យល់ថា ការរៀបចំដំឡើងអាចមានការខុសតិចតួច ដ្បិតថា ការចម្លងពីរូបបដិមាមិនបានដូចទាំងស្រុងឡើយ ព្រោះវាអាស្រ័យលើរូបភាព និងសម្ភារដំឡើង។

នេះជាគម្រោងពិព័រណ៍មិនអចិន្រ្តៃយ៍ដែលមានរយៈពេល៣ខែ រៀបចំឡើងដោយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ចុងខែ វិច្ឆិកា ឆ្នាំ២០២៦។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា និងសិក្សាស្វែងយល់ពីសម្លៀកបំពាក់ទាំងនេះបាន ដ្បិតថា នេះជាគម្រោងដំបូងគេ ដែលខាងសារមន្ទីររៀបចំឡើង ដែលផ្តោតលើឈុតព្រះមហាក្សត្រគ្រងរាជ្យសម្បតិ្ត និងអគ្គមហេសីទាំង៥សម័យកាល។

អ្នកគ្រូ សំ សាវ៉ាត គ្រូបង្រៀននៅសាលាបឋមសិក្សាព្រះឥន្ទកោសី ដែលដឹកនាំកូនសិស្ស៣៧នាក់ មកទស្សនាពិព័រណ៍ខាងលើ បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះសម្លៀកបំពាក់ទាំងនេះ។ អ្នកគ្រូគូសបញ្ជាក់ថា នេះជាលើកទី១ហើយដែលបានស្គាល់សារមន្ទីរ ពិសេសនោះ គឺបានឃើញផ្ទាល់នូវសម្លៀកបំពាក់ដែលព្រះមហាក្សត្រគ្រងរាជ្យ និងអគ្គមហេសី។

ក្នុងនាមអ្នកស្រឡាញ់វប្បធម៌ និងប្រពៃណីដូនតាខ្មែរ គ្រូបង្រៀនរូបនេះមានអារម្មណ៍រីករាយក្រៃលែង និងអំពាវនាវឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរ ពេលមកលេងសៀមរាប កុំភ្លេចចូលទស្សនាសារមន្ទីរ ក៏ដូចជាសាលពិព័រណ៍សម្លៀកបំពាក់ដ៏កម្រមួយនេះ។

សូមជម្រាបថា កន្លងមកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយចំនួនរួចមកហើយទាក់ទងនឹងសម្លៀកបំពាក់នេះ ដូចជាសម្លៀកបំពាក់ អាវ សំពត់ សូត្របុរាណខ្មែរ ដែលជាសមុច្ច័យទទួលបានពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលពួកគេរក្សាទុកតាំងពី សម័យមុនសង្រ្គាម។ល៕

ដោយ ឃុត សៅ





