ឯកឧត្តម គួច ចំរើនចុះពិនិត្យការសាងសង់សាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស
AKP កណ្តាល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាពនៃការសាងសង់អគារសិក្សា របង និងក្លោងទ្វារ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលស្ថិតនៅក្នុងភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សំណង់ដែលកំពុងដំណើរការសាងសង់ និងរៀបចំក្នុងសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស រួមមាន៖ អគារសិក្សាសរុបចំនួន ៣ខ្នង ស្មើនឹង ១៥បន្ទប់ ដោយក្នុងនោះ ២ខ្នង មានចំនួន ១០បន្ទប់ បានសាងសង់រួចរាល់ជាស្ថាពរ ហើយ ១ខ្នងទៀត មានចំនួន ៥បន្ទប់ កំពុងដំណើរការសាងសង់ ។ ក្រៅពីនេះសំណង់ទីចាត់ការ ចំនួន ២ខ្នង បង្គន់អនាម័យ ចំនួន ១២បន្ទប់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម ការសាងសង់ក្លោងទ្វារ និងសង់របងព័ទ្ធជុំវិញបរិវេណសាលា ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យដឹងថា ការចុះពិនិត្យ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀននាពេលនេះ គឺដើម្បីធានា និងត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការទទួល សិស្សានុសិស្ស ឱ្យចូលសិក្សារៀនសូត្រក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ ប្រកបដោយបរិស្ថានល្អ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





