ប្រជាពលរដ្ឋទីទ័លក្រ និងមានជំងឺប្រចាំកាយក្នុងក្រុងព្រះសីហនុទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញញិកគណៈកម្មាការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីប្រតិបត្តិសាខា អនុសាខាក្រុង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ក្នុងនោះមានគ្រួសារមានជំងឺប្រចាំកាយមានកូន៣នាក់ ១គ្រួសារ ស្ថិតក្នុងភូមិ១ សង្កាត់២ និងគ្រួសារទារក ទើបសម្រាលត្រូវម្ដាយរត់ចោល ១គ្រួសារ និងមួយគ្រួសារទៀតមានជីវភាពទីទ័លក្ររស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលសម្តេច និងឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងមានជំងឺប្រចាំកាយ នៅទូទាំងខេត្តព្រះសីហនុ ដោយធ្វើយ៉ាងណាយើងជាអ្នកស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រីអនុសាខាកាកបាទក្រុង ស្រុកត្រូវយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមិនទុកឪ្យប្រជាពល រដ្ឋរបស់យើងណាម្នាក់ដាច់ស្បៀងអាហារដោយ សារតែមិនបានដឹងនោះទេ ព្រោះទីណាមានការលំបាក ទីនោះមានកាកបាទក្រហមនៅជាប់ជាមួយប្រជាពលរដ្ឋរបស់យើងជានិច្ច ដូច្នេះសូមអ្នកស្ម័គ្រចិត្ត ក៏ដូចជាអនុសាខាក្រុង ស្រុកត្រូវបន្តយកចិត្តទុកដាក់តាមដានសកម្មភាពជីវភាព ខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីយើងមានវិធានការជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា។


សម្ភារៈរបស់សាខាកាកបាទក្រហមកម្ពុជាផ្ដល់ជូន២គ្រួសារ ដែលមានកូនតូច និងគ្រួសារមានជំងឺប្រចាំកាយ រួមមាន អង្ករ ២៥គក្រ ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៣០ម៉ឺនរៀល ចំណែកគ្រួសារមានកូនតូចទទួលបានឃីតទារក ១បន្ថែមទៀត។ ចំពោះ ១គ្រួសារមានជីវភាពក្រីក្រទទួលបានអង្ករ ២៥គក្រ ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល៕
ដោយ ងូ សុមុនី





