ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន នឹងពិនិត្យមើលឡើងវិញនូវសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអំពើពុករលួយឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- យោងតាមកិច្ចប្រជុំក្រុមប្រឹក្សាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សភាជាន់ខ្ពស់របស់ប្រទេសចិននឹងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអំពើពុករលួយឆ្លងដែន។
កិច្ចប្រជុំដែលដឹកនាំដោយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ NPC លោក ចាវ ឡេជី នេះ បានសម្រេចចិត្តកោះប្រជុំសម័យប្រជុំលើកទី២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ NPC នីតិកាលទី១៤ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែសីហា ដែលអ្នកតាក់តែងច្បាប់ត្រូវបានគេរំពឹងថានឹងពិនិត្យមើលឡើងវិញនូវសេចក្តីព្រាងច្បាប់ ដែលបានដាក់ជូនសម្រាប់កិច្ចពិភាក្សាដោយគណៈកម្មការត្រួតពិនិត្យជាតិ។
នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្លងដែន ត្រូវបានចុះបញ្ជីជាគម្រោងនីតិបញ្ញត្តិប្រភេទទីមួយនៅក្នុងផែនការនីតិបញ្ញត្តិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ NPC នីតិកាលទី១៤ ដែលមានន័យថា វាត្រូវបានគ្រោងទុកសម្រាប់កិច្ចពិភាក្សាក្នុងអំឡុងពេលអាណត្តិ NPC បច្ចុប្បន្ន។
យោងតាមរបាយការណ៍ការងារប្រចាំឆ្នាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ NPC ដែលចេញផ្សាយនៅក្នុងខែមីនា ឆ្នាំនេះ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្លងដែន នឹងត្រូវបានបង្កើតឡើងដើម្បីជំរុញច្បាប់ប្រឆាំងអំពើពុករលួយជាតិ។ ការបង្កើតច្បាប់នេះ ក្រោយមកត្រូវបានចុះបញ្ជីជាអាទិភាពសម្រាប់ឆ្នាំ២០២៦ នៅក្នុងរបៀបវារៈនីតិបញ្ញត្តិប្រចាំឆ្នាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ NPC ដែលបានបង្ហាញនៅក្នុងខែឧសភា។
ប្រទេសចិនបាននិងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយអន្តរជាតិ ដោយមានជនរត់គេចខ្លួនចំនួន ៩៦៣នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញនៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ការងារពីស្ថាប័នប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេសចិន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





