គណៈកម្មាធិការ គ.ក.ស.ក ផ្សព្វផ្សាយ«យុទ្ធនាការគ្រួសាររឹងមាំ» ដើម្បីអប់រំពីសុខភាព និងអនាម័យជូនដល់ប្រជាពលរដ្ឋនៅទីលានចាក់សំរាមអូរតាសេក
AKP ព្រះសីហនុ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--ប្រជាពលរដ្ឋនៅទីលានចាក់សំរាម ស្ថិតនៅអូរតាសេក សង្កាត់អូរឧកញ៉ា ហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទទួលបានការផ្សព្វផ្សាយអប់រំ ស្តីអំពីសុខភាព និងអនាម័យក្រោមអធិបតីភាពលោក ជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ ក្នុង «យុទ្ធនាការគ្រួសាររឹងមាំ» នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

ការផ្សព្វផ្សាយស្តីពី«យុទ្ធនាការគ្រួសាររឹងមាំ» នេះមានការចូលរួមពីសំណាក់លោកជំទាវ យ៉ុង សុឃឿន អនុប្រធាន គ.ក.ស.ក ខេត្ត លោកប្រធានកម្មវិធីជំងឺឆ្លង និងជំងឺមិនឆ្លង នៃមន្ទីរសុខាភិ បាលខេត្តព្រះសីហនុ តំណាងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រីអភិបាលរងក្រុងកំពង់សោម ប្រធានមណ្ឌលសុខភាពអូរឧកញ៉ាហេង តំណាងការិយាល័យសង្គមកិច្ច និងសុខុមាលភាពក្រុង លោកចៅសង្កាត់ ព្រម ទាំងប្រជាពលរដ្ឋប្រកបមុខរបរនៅទីលានចាក់ សំរាមចំនួន ៨៦នាក់។


លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានឱ្យដឹងថា «យុទ្ធនាការគ្រួសាររឹងមាំ» នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈម ដោយផ្តោតលើការបញ្ជ្រាបចំណេះដឹងជាមូលដ្ឋាន អំពីការថែទាំសុខភាព ការរស់នៅប្រកបដោយអនាម័យ និងការការពារជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ។ ជាមួយគ្នានេះ យុទ្ធនាការ ក៏បានផ្សព្វ ផ្សាយ និងតម្រង់ទិសឱ្យប្រជាពលរដ្ឋនៅទីលានចាក់សំរាម មានការយល់ដឹងកាន់តែច្បាស់ អំពីការទទួលបានសេវាថែទាំសុខភាពសាធារណៈនៅតាមមណ្ឌលសុខភាពមូលដ្ឋាន ព្រមទាំងពង្រឹងបំណិនជីវិត ការគ្រប់គ្រងគ្រួសារ និងការថែទាំកុមារឱ្យមានសុវត្ថិភាព ជាពិសេសអាហាររូបត្ថម្ភគ្រប់គ្រាន់ និងការរីក ចម្រើនទាំងកាយសម្បទា ស្មារតីនៅក្នុងសហគមន៍ មូលដ្ឋាន ចូលរួមជួយកាត់ បន្ថយនូវភាពក្រីក្រ ហើយបងប្អូនរបស់យើងនៅទីនេះ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលក្រុង រដ្ឋបាលខេត្ត ដោយមិនទុកឱ្យបងប្អូនណាម្នាក់មិនបានទទួលសេវាសុខាភិបាល សេវាអប់រំ ព្រមទាំងសេវាគាំពារសង្គមថែមទៀតផង ។

ក្នុងឱកាសនោះ លោកជំទាវ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរស់នៅទីលានចាក់សំរាមទាំងអស់ ត្រូវថែរក្សាសុខភាព អនាម័យខ្លួនឯង ក៏ដូចជាសុខភាពក្រុមគ្រួសារពីជំងឺគ្រុនឈាម គ្រុនឈីក ព្រោះរដូវនេះជារដូវភ្លៀង ប្រឈមនឹងម៉ូសខ្លាខាំបណ្តាលឱ្យកើតជំងឺគ្រុនឈាម ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវដេកក្នុងមុងទាំងថ្ងៃ ទាំងយប់ឱ្យបានគ្រប់គ្នា ៕
ដោយ ងូ សុមុនី





