រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ពង្រឹងគុណភាព និងសមត្ថភាព ក្នុងការផ្សព្វផ្សាយគោលនយោបាយជាតិ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធចំពោះបញ្ហាប្រឈមថ្មីៗ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំ និងជំរុញឱ្យពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ រួមមានវិទ្យុ ទូរទស្សន៍ វេបសាយ កម្មវិធីឌីជីថល និងកាសែត ដើម្បីបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយគោលនយោបាយជាតិ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន។ ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវបង្កើនតួនាទីរបស់ខ្លួនក្នុងការរួមចំណែករក្សាសន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធានាថា សាររបស់រាជរដ្ឋាភិបាលត្រូវបានផ្សព្វផ្សាយទៅកាន់សាធារណជនប្រកបដោយភាពច្បាស់លាស់ ស្របគ្នា និង មានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាទិភាពរបស់យើង គឺការរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ហើយ បញ្ហាប្រឈមនានា ចាំបាច់ត្រូវដោះស្រាយទាំងក្នុងទិដ្ឋភាពបច្ចេកទេស នយោបាយ និងយុទ្ធសាស្ត្រ»។
ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ការងាររបស់ក្រសួងព័ត៌មាន មិនមែនផ្តោតត្រឹមតែការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «ធ្វើការឱ្យឆ្លាតវៃ» ផងដែរ ដើម្បីធានាថា ការដោះស្រាយបញ្ហាដែលមានភាពរសើប ឬស្មុគស្មាញ អាចប្រព្រឹត្តទៅបានកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការអនុវត្តគោលនយោបាយព័ត៌មានជាតិ និងជំរុញឱ្យស្ថាប័នរដ្ឋ ប្រកាន់ខ្ជាប់នូវគោលការណ៍ «សំឡេងតែមួយ សារតែមួយ» ក្នុងការផ្សព្វផ្សាយព័ត៌មាន និងសាររបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានអះអាងថា វិស័យសារព័ត៌មានរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន រួមមានការបិទស្ថានីយវិទ្យុ FM និងប្រព័ន្ធផ្សព្វផ្សាយ បែបប្រពៃណីមួយចំនួន ខណៈគេហទំព័រព័ត៌មានអនឡាញ និងវេទិកាឌីជីថលផ្សេងៗ នៅតែបន្តកើនឡើង និងពង្រីកវិសាលភាពរបស់ ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរ ថា ការផ្លាស់ប្តូរទាំងនេះបង្ហាញឱ្យឃើញពីតម្រូវការក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដើម្បីធានាថា ប្រព័ន្ធនេះនៅតែអាចបំពេញតួនាទីក្នុងការផ្តល់ព័ត៌មានដែលគួរឱ្យទុកចិត្ត និងមានប្រយោជន៍ជូនសាធារណជន។

ឯកឧត្តម នេត្រ ភក្រ្ដា ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនឹងការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ បង្កើនការទទួលខុសត្រូវ និងវិជ្ជាជីវៈរបស់ខ្លួន ខណៈពេលស្ថាប័នត្រូវការមន្ត្រីដែលមានសមត្ថភាព និងអាចផ្តល់ព័ត៌មានបានត្រឹមត្រូវ និងច្បាស់លាស់ ជាជាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កើតភាពច្របូកច្របល់ក្នុងសង្គម។ ឯកឧត្តមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «យើងត្រូវការមន្ត្រីដែលមានសមត្ថភាព មិនមែនមន្ត្រីដែលផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កើតភាពច្របូក ច្របល់នោះទេ»។ ទន្ទឹមនេះ ឯកឧត្ដមបន្ដទៀតថា ក្រសួងព័ត៌មានត្រូវបន្តពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋលើវេទិកាជាច្រើន រួមមានវិទ្យុ ទូរទស្សន៍ កម្មវិធីទូរស័ព្ទចល័ត និងកាសែតបោះពុម្ព ដើម្បីបង្កើនលទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងសារគោលនយោបាយរបស់រាជ រដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រសួងព័ត៌មាន ក៏បានបង្កើតគេហទំព័រសម្រាប់មន្ទីរព័ត៌មាននៅគ្រប់ ២៥ រាជធានី-ខេត្ត ដែលជាបណ្តាញបន្ថែមសម្រាប់ផ្សព្វផ្សាយព័ត៌មានផ្លូវការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់សាធារណជននៅមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ គឺជាផ្នែកមួយនៃរបៀបវារៈអាទិភាពទូលំទូលាយរបស់ក្រសួង ដែលផ្តោតលើការកែលម្អការគ្រប់គ្រងព័ត៌មាន ការទំនាក់ទំនងជាមួយសាធារណជន និងការបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះព័ត៌មានមិនពិត និងការផ្សព្វផ្សាយសារដែលមានទស្សនៈប្រកួតប្រជែងគ្នា នៅក្នុងបរិយាកាសព័ត៌មានដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





