មកដឹងពីមូលអតីតសិស្សនិទ្ទេស A ជ្រើសរៀនជំនាញមេកានិករថយន្តនៅ JVC
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦---
អតីតសិស្សនិទ្ទេស A លោក សឹម សាយនរិន្ទ កំពុងសិក្សាជំនាញមេកានិករថយន្តនៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វេ សេ (JVC) ប្រាប់ពីមូលហេតុដែលលោកសម្រេចជ្រើសរើសសិក្សាជំនាញនេះ ដោយសារតែលោកមានចំណាប់អារម្មណ៍លើការជួសជុលរថយន្តតាំងពីក្មេង ជាពិសេសសាលាមានគ្រូពន្យល់ច្បាស់ៗ ឧបករណ៍ទំនើប មានការអនុវត្តជាក់ស្តែង រៀនឆាប់ចេះងាយយល់។
លោក សឹម សាយនរិន្ទ បានឱ្យដឹងថា មុនពេលចូលរៀន លោកធ្លាប់ស្វែងយល់ពីការជួសជុលរថយន្តតាមរយៈ YouTube ដោយសារតែចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែការសិក្សាតាមរយៈវីដេអូមិនទាន់អាចផ្តល់ការយល់ដឹងបានគ្រប់គ្រាន់អំពីគ្រឿងបន្លាស់ និងប្រព័ន្ធរថយន្តនោះទេ។ ក្រោយពេលចូលរៀននៅវិទ្យាស្ថាន JVC លោកបានទទួលឱកាសអនុវត្តផ្ទាល់លើរថយន្ត ដែលធ្វើឱ្យលោកអាចយល់ពីមេកានិករថយន្តបានកាន់តែច្បាស់។


លោកបាននិយាយថា៖ «ការរៀនជំនាញនៅ JVC គឺលោកគ្រូបង្រៀនច្បាស់ៗតែម្តង ហើយមានការអនុវត្តច្រើនទៅលើឡានផ្ទាល់ៗ ដែលធ្វើសិស្សចាប់ទទួលចំណេះ ជំនាញច្បាស់លាស់ក្នុងខ្លួន»។
លោក សឹម សាយនរិន្ទ បានឱ្យដឹងថា ក្រោយពីបានរៀន និងអនុវត្តជាក់ស្តែង លោកអាចពិនិត្យ និងដោះស្រាយបញ្ហារថយន្តមួយចំនួនដោយខ្លួនឯង ដែលជាការបង្ហាញថា ចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែងអាចបំពេញបន្ថែមគ្នា និងជួយឱ្យសិស្សមានជំនាញកាន់តែរឹងមាំ។


សម្រាប់លោក សឹម សាយនរិន្ទ ការជ្រើសរើសសិក្សានៅ JVC មិនមែនផ្តល់ត្រឹមតែចំណេះដឹងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនាញវិជ្ជាជីវៈជាក់លាក់ ដែលអាចយកទៅប្រើប្រាស់ក្នុងការងារបាន។ លោកបន្ថែមថា TVET នាំមកនូវ អាហារូបករណ៍ ជំនាញ និងឱកាសការងារទូលំទូលាយ ជាពិសេសជំនាញរថយន្តមានទីផ្សារការងារច្រើន ដោយសារប្រជាជននៅកម្ពុជាកាន់តែមានការប្រើប្រាស់រថយន្តច្រើនឡើង ទាំងនៅទីក្រុង និងតាមបណ្តាខេត្ត៕
ដោយ៖ ប៊ុន រិទ្ធ, ប្រភព៖ ក្រសួងការងារ





