ទូតកម្ពុជាប្រចាំកូរ៉េទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតរវ៉ាន់ដា ប្រចាំសាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦---
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Nkubito Manzi Bakuramutsa ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

នៅក្នុងជំនួបកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម Nkubito បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានជួយសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជាកាលពីខែមីនាកន្លងទៅនេះ។

ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរក្នុងពេលកន្លងមកថ្មីៗនេះផងដែរ។ ឯកឧត្តម Nkubito ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតអំពីគម្រោងក្នុងពង្រីកបន្ថែមលើទំនាក់ទំនងបច្ចុប្បន្នជាមួយប្រទេសកម្ពុជាលើវិស័យហិរញ្ញវត្ថុ និងទេសចរណ៍ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករវាងកម្ពុជា-រវ៉ាន់ដា។

លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





