ឯកឧត្តម សុត រស្មី អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពគម្រោងការពារច្រាំងទន្លេមេគង្គ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារគម្រោងចំនួន៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោយបញ្ចប់រយៈពេលធានាគុណភាព១២ខែ។

ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្ដរក្រសួង អញ្ជើញចុះពិនិត្យ និងវាយតម្លៃ គម្រោងការពារច្រាំងទន្លេមេគង្គ ទាំង៣កន្លែង រួមមាន៖ ទី១. គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ២០០ម៉ែត្រ ស្ថិតនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទី២. គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ២៥០ម៉ែត្រ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ទី៣. គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៤៥០ម៉ែត្រ ស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

សូមជម្រាបថា សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានភាពរឹងមាំ ដោយបានប្រើប្រាស់បច្ចេកទេសរៀបសំណាញ់ថ្ម (Gabion box) ប្រកបដោយគុណភាព និងសោភ័ណភាព ដែលធានាបាននូវនិរន្តរភាពប្រើប្រាស់បានយូរអង្វែង បម្រើជាប្រយោជន៍ដល់សាធារណជន។ សមិទ្ធផលទាំងនេះ សម្រេចទៅបានដោយសារមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។ ក្រោយចុះពិនិត្យជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដែលអនុវត្តការងារបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

ឯកឧត្តម ក៏បានស្នើអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ដើមី្បជួយលើកកម្ពស់សេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





