រដ្ឋបាលក្រុងសិរីសោភ័ណ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២៦៖ ស្ពានភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ និងអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហាតម្រូវការជាក់ស្តែងនៅមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦--រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៤ ឆ្នាំ២០២៦» នៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន សុភី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ការិយាល័យជំនាញទាំង១៣ កងកម្លាំង អាជ្ញាធរសង្កាត់ (សង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លា) មេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារសំខាន់មិនអាចខ្វះបាននៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ។ លោកបានមានប្រសាសន៍ថា វេទិកានេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍រដ្ឋបាលតាមទម្លាប់នោះទេ ប៉ុន្តែជា «ស្ពានចម្លងផ្ទាល់» រវាងរដ្ឋបាលសាធារណៈ និងប្រជាពលរដ្ឋម្ចាស់ឆ្នោត។ "វេទិកានេះផ្តល់ឱកាសមាសជូនប្រជាពលរដ្ឋក្នុងការសម្តែងមតិ កង្វល់ និងសំណូមពរដោយផ្ទាល់មាត់ទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ វាតំណាងឱ្យតម្លាភាព គណនេយ្យភាព និងការចូលរួមយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍក្រុង"។

លោកបានបន្ថែមថា ក្រុមប្រឹក្សាក្រុងមានភារកិច្ចតាមដាន ក្តាប់នូវរាល់ក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីធានាថានយោបាយ និងកញ្ចប់ថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់សហគមន៍។
ជាការឆ្លើយតបទៅនឹងកង្វល់ និងសំណូមពរជាច្រើន ដែលត្រូវបានលើកឡើងដោយប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លា ជាពិសេសពាក់ព័ន្ធនឹងការកសាងជួសជុលផ្លូវថ្នល់ ការរៀបចំប្រព័ន្ធលូរំដោះទឹកស្អុយ-ទឹកភ្លៀង និងការកាត់បន្ថយបទល្មើសសន្តិសុខសង្គម។

លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ និងទូលំទូលាយ។ លោកអភិបាលបានជម្រាបជូនអង្គវេទិកាថា រដ្ឋបាលក្រុងបាន និងកំពុងបញ្ចូលគម្រោងអាទិភាពទាំងនេះទៅក្នុង ផែនការវិនិយោគបីឆ្នាំរំកិលរបស់ក្រុង។ ចំពោះបញ្ហាប្រព័ន្ធលូរំដោះទឹក និងផ្លូវថ្នល់ ក្រុមការងារបច្ចេកទេសនឹងចុះសិក្សាផ្ទាល់ភ្លាមៗ ដើម្បីរៀបចំអន្តរាគមន៍បន្ទាន់លើចំណុចក្តៅ និងរៀបចំគម្រោងវែងឆ្ងាយសម្រាប់ថវិកាឆ្នាំបន្ទាប់ ដោយសហការជាមួយមន្ទីរជំនាញជុំវិញខេត្ត។

ចំពោះបញ្ហាសន្តិសុខ លោក ស្រេង សុផល បានណែនាំដោយផ្ទាល់ទៅកាន់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរសង្កាត់-ភូមិ ត្រូវតែជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ បង្កើនការល្បាតយាមកាម និងលុបបំបាត់ក្មេងទំនើងល្បែងស៊ីសង និងគ្រឿងញៀនឱ្យបានដាច់ខាត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកអភិបាលក្រុងបានលើកឡើងពីសមិទ្ធផលធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបានគូសបញ្ជាក់ថា រាល់សមិទ្ធផលនៅមូលដ្ឋានក្រុងសិរីសោភ័ណ កើតមានទៅបាន គឺដោយសារតែកត្តាសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០២៦ នេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល យោគយល់ និងមានលទ្ធផលផ្លែផ្កាជាវិជ្ជមាន។ ប្រជាពលរដ្ឋដែលបានចូលរួមបានសម្តែងនូវក្តីរីករាយ និងទំនុកចិត្តយ៉ាងខ្លាំងចំពោះការបកស្រាយ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំក្រុងសិរីសោភ័ណ ក្នុងការដោះស្រាយរាល់សំណូមពររបស់ពួកគាត់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ ឈុន សារ៉ាត





