ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចុះពិនិត្យទីតាំងខ្សែផ្លូវ និងសំណង់សិល្បការ្យរបស់គម្រោងកែលម្អផ្លូវជនបទជំហានទី៤ សរុបចំនួន ១០ខ្សែ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦ -- ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទីអង្គារទី១១-១២ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យទីតាំងខ្សែផ្លូវ និងសំណង់សិល្បការ្យរបស់គម្រោងកែលម្អផ្លូវជនបទជំហានទី៤ ក្រោមក្របខណ្ឌហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉ (RRIP-IV) នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង សរុបចំនួន ១០ខ្សែ។

ការចុះពិនិត្យនោះ មានសមាសភាពចូលរួមពីលោក បុនហ៊ីយុន កូ នាយកប្រចាំប្រទេសកម្ពុជារបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉ និងសហការី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ នាយករងគម្រោង លោកស្រីបណ្ឌិត ទូច សម្ភស្ស ប្រធានអនុវត្តគម្រោង លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោកប្រធានមន្ទីរខេត្តព្រៃវែង និងមន្រ្តីបច្ចេកទេស សហការជាមួយក្រុមការងារបច្ចេកទេសរបស់ទីប្រឹក្សាគម្រោង (ក្រុមហ៊ុន DONGSUNG Engineering Co., Ltd, ) និងអាជ្ញាធរមូលដ្ឋាន។

ការចុះពិនិត្យសិក្សានេះ គឺជាការអនុវត្តស្របតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ ព្រមទាំងជំរុញឱ្យការស្ថាបនា កែលម្អ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយគុណភាព ស្របតាមស្តង់ដារបច្ចេកទេស មានភាពធន់ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីធានាឱ្យការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងជូនប្រជាពលរដ្ឋ។

លទ្ធផលនៃការសិក្សានេះនឹងក្លាយជាទិន្នន័យបច្ចេកទេសដ៏សំខាន់សម្រាប់រៀបចំគ្រោងប្លង់លម្អិតទាំងតួផ្លូវ និងសំណង់សិល្បការ្យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដោយគិតគូរយ៉ាងហ្មត់ចត់ពីលំហូរទឹក សុវត្ថិភាព ភាពធន់ និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដើម្បីធានាឱ្យខ្សែផ្លូវអាចប្រើប្រាស់បានគ្រប់រដូវ និងមានអាយុកាលប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





