សម្តេចតេជោ ហ៊ុន សែន ដាក់ចេញគោលការណ៍ ក្នុងមួយឃុំ យ៉ាងហោចណាស់មានស្ត្រីម្នាក់ជាប់ឆ្នោត ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការណ៍ ក្នុងមួយឃុំ យ៉ាងហោច មានស្ត្រីម្នាក់ជាប់ឆ្នោត ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់។ ការអំពាវនាវរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងក្នុងខណៈសម្ដេចបានអនុញ្ញាត ឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងការសង្កេតតាមរយៈដំណើរចុះជួបជាមួយមន្ត្រីនៅតាមមូលដ្ឋាន ចំនួន២៣ខេត្ត-រាជធានី នាពេលថ្មីៗនេះ បានបង្ហាញថា ចំនួនស្ត្រីនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមានចំនួនតិចតួចនៅឡើយ។ ក្នុងន័យនេះ សម្តេចតេជោ បានប្រកាសដាក់ចេញនូវគោលការណ៍ ក្នុងមួយឃុំ យ៉ាងហោចណាស់មានស្ត្រីម្នាក់ ឬច្រើនជាងនេះ ជាប់ឆ្នោតក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីលើកកម្ពស់ស្ត្រី។

ជាមួយគ្នានេះ សម្ដេចតេជោគូសបញ្ជាក់ថា ត្រូវរៀបចំកិច្ចការងារនេះ ដើម្បីឱ្យស្ត្រីជាប់ឈ្នះក្នុងការបោះឆ្នោត ជាមួយគ្នានោះ ស្ត្រីឈរឈ្មោះ ត្រូវមានការបណ្តុះបណ្តាល ហើយអាចធ្វើការងារ ដើម្បីប្រជាជនផងដែរ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខ។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានលើកទឹកចិត្តឱ្យស្ត្រី ប្រណាំងប្រជែង ក្នុងការដណ្តើមយកតំណែងស្មៀនឃុំ-សង្កាត់ផងដែរ ដោយឈរលើគោលការណ៍ប្រឡង ដោយសមភាព គ្មានការស្ទួចពិន្ទុ។

សម្តេចតេជោបានបន្ថែមថា ក្រសួងមហាផ្ទៃ ត្រូវជួយក្រសួងកិច្ចការនារី ដើម្បីឱ្យសម្រេចបានយ៉ាងហោចណាស់ មានស្ត្រី៥០ភាគរយ ក្នុងតំណែងជាស្មៀនឃុំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្កើនចំនួនស្ត្រី ក្នុងតំណែងជាឯកអគ្គរាជទូត ឱ្យបានកាន់តែច្រើន ខណៈបច្ចុប្បន្ន មានចំនួន៧នាក់។ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ និងសូមឱ្យបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋផ្ដោតការយកចិត្ដទុកដាក់ បន្ដពង្រឹងអំណាចស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ការណ៍នេះគឺជាចំនុចដ៏សំខាន់ណាស់។
សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ «បើយើងពង្រឹងអំណាចស្ដ្រីលើវិស័យសេដ្ឋកិច្ចបាន យើងក៏នឹងឈានទៅពង្រឹងអំណាចស្រ្ដី ក្នុងវិស័យនយោបាយបានដែរ បើអំណាចស្រីក្នុងវិស័យសេដ្ឋកិច្ច មិនត្រូវបានលើកកម្ពស់នោះទេ នោះឥទ្ធិពលនយោបាយរបស់ស្ដ្រីក្នុងគ្រួសារ និងសហគមន៍ មិនត្រូវបានលើកកម្ពស់ទេ ដូចនេះត្រូវជំរុញស្ដ្រីឱ្យខិតខំពង្រឹងសមត្ថភាព ក្នុងក្របខណ្ឌនៃការធានារ៉ាប់រង កុំពឹងផ្អែកទៅលើប្ដីតែម្ខាង»។ សម្តេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ទៀតថា វិនិយោគឱ្យស្ត្រី គឺវិនិយោគឱ្យខ្លួនឯង ការជួយស្ត្រី គឺជួយខ្លួនឯង សូមបុរសចងចាំឱ្យបានច្បាស់៕
ដោយ៖ ជឹម ណារី





