ពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធមន្ទីរជំនាញជុំវិញខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធមន្ទីរជំនាញមួយចំនួនជុំវិញខេត្ត និងក្នុងវិស័យអប់រំមធ្យមសិក្សា បឋមសិក្សា និងមត្តេយ្យសិក្សានៃរដ្ឋបាលក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកបវេល ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុករុក្ខគិរី ក្នុងខេត្តបាត់ដំបង។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការ ក្រុង-ស្រុក មន្ទីរ អង្គភាព នាយក នាយិកា លោកគ្រូ អ្នកគ្រូទើបប្រកាសតែងតាំងថ្មីត្រូវតែបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងតួនាទីភារកិច្ចក្នុងការបំពេញការងាររៀងៗខ្លួនឱ្យបានល្អ ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ មន្រ្តីរាជការ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ខិតខំអប់រំសិស្សានុសិស្ស ខិតខំថែរក្សាអនាម័យបរិស្ថានសាលារៀន ទីប្រជុំជននានាដើម្បីសុខភាព និងចូលរួមគោរពច្បាប់ចរាចរណ៍។ អាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់ការចាក់ឧបករណ៍រំពងសំឡេងរំខានឮខ្លាំងៗប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ និងការគិតគូដោះស្រាយការរំដោះដីចំណីផ្លូវទុកអោយធំទូលាយសម្រាប់កូនចៅជំនាន់ក្រោយងាយស្រួលប្រើប្រាស់ ព្រមទាំងបន្តយុទ្ធនាការដាំដើមឈើតាមក្រុងស្រុកជាដើម។

លោក ឆេង ភិរុណ អនុប្រធានមន្ទីរអធិការកិច្ចខេត្តបាត់ដំបង តំណាងមន្ត្រីរាជការ ដែលទើបប្រកាសចូលតំណែងថ្មី បានឡើងមានមតិប្តេជ្ញាចិត្តខិតខំយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងសំដៅសម្រេចភារកិច្ចឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ គោរពការចាត់តាំង ការប្រគល់ភារកិច្ចដោយឥតងាករេ លះបង់កម្លាំងកាយចិត្តចំពោះការងារ និងប្រទេសជាតិ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





