ប្រធានសភាលីប៊ី និងអ្នកការទូតកំពូលតួកគីពិភាក្សាអំពីវិធីដោះស្រាយវិបត្តិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ -- មធ្យោបាយនៃការដោះស្រាយវិបត្តិលីប៊ី និងស្ថានភាពនៅក្នុងតំបន់ គឺជាចំណុចសំខាន់នៃកិច្ចប្រជុំរវាងប្រធានសភាតំណាងរាស្ត្រលីប៊ី លោក អាហ្គីលឡា សាឡេះនិងរដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន់ ហ្វីដាន់។ នេះបើយោងតាមអ្នកនាំពាក្យសភាលីប៊ី លោក អាប់ឌុលឡា ប៊ីលហាក។
អ្នកនាំពាក្យរូបនេះបាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះលោក សាឡេះ បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការដោះស្រាយវិបត្តិលីប៊ី តាមរយៈការបង្រួបបង្រួមស្ថាប័នរដ្ឋ និងការរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា ដែលនឹងបង្ហាញពីឆន្ទៈរបស់ប្រជាជនលីប៊ី ដោយលោកបានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាជាច្រើនទៀតដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ប្រធានសភាលីប៊ីបានសម្តែងការគាំទ្រចំពោះគម្រោងសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ទីក្រុងលីប៊ី ដែលកំពុងត្រូវបានអនុវត្តក្រោមការឧបត្ថម្ភរបស់មូលនិធិអភិវឌ្ឍន៍ និងកសាងឡើងវិញលីប៊ី និងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនតួកគីនៅក្នុងកម្មវិធីទាំងនេះ។
កិច្ចពិភាក្សារវាងលោក សាឡេះ និងលោក ហ្វីដាន់ ត្រូវបានធ្វើឡើងនៅទីក្រុងបេងហ្កាហ្ស៊ី បន្ទាប់ពីកិច្ចប្រជុំរបស់អ្នកការទូតកំពូលតួកគីជាមួយមេបញ្ជាការកងទ័ពជាតិលីប៊ី លោក សាដដាំ ហាហ្វតា។ លោក ហ្វីដាន់ បានទៅដល់ប្រទេសលីប៊ីក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងបេងហ្កាហ្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





