អ្នកវិភាគរំពឹងថាតម្លៃប្រេងជាមធ្យមនឹងកើនឡើងត្រឹម ២៥% នៅឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ -- ក្រុមហ៊ុនប្រឹក្សាយោបល់Kept (ដែលពីមុនជាផ្នែកមួយរបស់ក្រុមហ៊ុន KPMG របស់រុស្ស៊ី) បាននិយាយនៅក្នុងរបាយការណ៍មួយថា តម្លៃជាមធ្យមនៃប្រេងឆៅ Brent ក្នុងឆ្នាំ២០២៦ នឹងកើនឡើង ២៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយឈានដល់តម្លៃ ៨៦,១ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ ការប៉ាន់ស្មាននេះ គឺផ្អែកលើទិន្នន័យពីការព្យាករណ៍ការឯកភាពគ្នារបស់ក្រុមហ៊ុនវិភាគ ភ្នាក់ងារ និងធនាគារវិនិយោគជាង៤០។ អ្នកជំនាញបានសន្មតថា ការព្យាករណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះដោយសារតែកង្វះខាតប្រេងដែលកំពុងបន្តនៅក្នុងទីផ្សារពិភពលោក ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រហ័រមុស និងឈូងសមុទ្រពែរ្ស ដែលនាំឱ្យមានការផលិតប្រេងឆៅទាបនៅក្នុងប្រទេសមជ្ឈិមបូព៌ា។
ក្រុមហ៊ុន Kept បានរំលឹកថា តម្លៃជាមធ្យមនៃប្រេងឆៅ Brent បានថយចុះ ១៤% កាលពីឆ្នាំមុន ដោយឈានដល់តម្លៃ ៦៩,១ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ តម្លៃជាមធ្យម គឺ ៨០,៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ២០២៤ និង ៨២,៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលនៅក្នុងឆ្នាំ២០២៣។
ស្ថានភាពនៅមជ្ឈិមបូព៌ានឹងបន្តជំរុញឱ្យតម្លៃប្រេងកើនឡើងនៅក្នុងខែខាងមុខ ខណៈដែលភាគីជម្លោះមិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ។ នេះបើយោងតាមអ្នកវិភាគ លោក នីកូឡាយ ឌូដឆេនកូ បានប្រាប់សារព័ត៌មាន Vedomosti។ រហូតដល់ជម្លោះនៅមជ្ឈិមបូព៌ាត្រូវបានដោះស្រាយ តម្លៃប្រេងឆៅប្រភេទ Brent នឹងនៅតែស្ថិតក្នុងចន្លោះពី៨០-៩០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ នេះបើយោងតាមលោក ស៊ែរហ្គេយ ស៊ូវ៉េរ៉ូវ អ្នកយុទ្ធសាស្ត្រវិនិយោគនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មAricapital។
យោងតាមទិន្នន័យពី ICE បានឱ្យដឹងថា តម្លៃប្រេងឆៅប្រភេទ Brent នាពេលអនាគតក្នុងខែតុលា គឺ ៨៨,៨ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ លោកគីរីល បាកទីន ប្រធានមជ្ឈមណ្ឌលវិភាគភាគហ៊ុនរុស្ស៊ី BCS World of Investments បានពន្យល់ថា ការលក់ប្រេងពីទុនបម្រុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកកំពុងរារាំងតម្លៃមិនឱ្យកើនឡើងបន្ថែមទៀត។
លោក ស៊ូវ៉េរ៉ូវ ក៏បានកត់សម្គាល់ផងដែរថា តម្លៃវត្ថុធាតុដើមនៅក្នុងខែខាងមុខនឹងត្រូវបានជះឥទ្ធិពលដោយគោលនយោបាយរបស់ប្រទេសOPEC+ និងស្ថានភាពដឹកជញ្ជូននៅក្នុងច្រកសមុទ្របាប អ៊ែល-ម៉ានដេបដែលភ្ជាប់សមុទ្រក្រហម និងសមុទ្រអារ៉ាប់។ យោងតាមរូបលោក បានឱ្យដឹងថា តុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារប្រេងសកលលោកអាចសម្រេចបាននៅត្រឹមចុងឆ្នាំ២០២៦។ ជាថ្នូរវិញ លោក ឌូដឆេនកូ បានសង្កត់ធ្ងន់ថា ទីផ្សារនឹងនៅតែស្ថិតក្នុងឱនភាពនៅក្នុងឆ្នាំនេះ ហើយអតិរេកផ្គត់ផ្គង់នឹងលេចឡើងនៅក្នុងត្រីមាសទី១ និងត្រីមាសទី២ នៃឆ្នាំ២០២៧៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





