កីឡាករប្រណាំងម៉ូតូកម្ពុជាប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួត Superbike Champion នៅម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--កីឡាករប្រណាំងម៉ូតូ 1000cc ឈឹម ពិសិដ្ឋ មកពីក្លឹប Mekong Motorcycle ដែលជាបេក្ខភាពតំណាងកម្ពុជាត្រៀមប្រកួតនៅប្រទេសម៉ាឡេស៊ី Superbike Champion ជុំទី៣ ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ខែសីហា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។

នៅក្នុងសន្និសីទសារព័ត៌មានចុងសប្តាហ៍នេះ កីឡាករ ឈឹម ពិសិដ្ឋ លើកឡើងថា ការប្រកួតលើកនេះ ខុសពីសព្វដងដែលខ្លួនធ្លាប់ចូលរួម គឺជាការប្រណាំងកម្រិតខ្ពស់លើម៉ូតូកម្រិត 1000cc បន្ទាប់ពីគណៈកម្មការបានវាយតម្លៃគុណផលល្អលើបច្ចេកទេសរបស់ខ្លួន លើវិញ្ញាសាម៉ូតូកម្រិត 600cc កាលពីឆ្នាំមុន។ ការដំឡើងវិញ្ញាសាកម្រិតខ្ពស់នេះ គឺជាបទពិសោធន៍ថ្មីមួយ ហើយព្រឹត្តិការណ៍ដែលប្រជុំដោយកីឡាករខ្លាំងៗប្រចាំម៉ាឡេស៊ី និងកីឡាករអាជីពក្នុងទ្វីប ដោយត្រូវខំប្រឹងកាន់តែខ្លាំង ពិសេសប្រើប្រាស់បច្ចេកទេសដោយប្រុងប្រយ័ត្នបំផុត ដើម្បីឈានទៅសម្រេចគោលដៅ និងឆន្ទៈរបស់ខ្លួន។ កីឡាករ ឈឹម ពិសិដ្ឋ បន្ថែមថា ការចូលរួមប្រកួតនេះទទួលបានការឧបត្ថម្ភគាំទ្រពី Raksmey Bike Shop, Magic Workshop Cambodia និង Top One និងគាំទ្រពីសហព័ន្ធកីឡាយានយន្តកម្ពុជា។

កីឡាករ ឈឹម ពិសិដ្ឋ មកពី Mekong Motorcycle Club បានគូសបញ្ជាក់បែបនេះថា៖ «នេះជាការឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការចូលរួមប្រកួត ដែលទើបឈានចូលរួមប្រកួតជាលើកដំបូង ក្នុងវិញ្ញាសាកម្រិតខ្ពស់ កម្រិតម៉ូតូ 1000cc នេះ។ ខ្ញុំជឿថា នេះជាការប្រកួតដែលមានឧបសគ្គថ្មីមួយដែរ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ព្រោះនេះជាការប្រកួតប្រជែងកម្រិតខ្ពស់បំផុត។ ប៉ុន្តែខ្ញុំនឹងព្យាយាមប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព បើទោះបីជាម៉ូតូគ្រោងប្រកួតនេះមានកម្លាំងល្បឿនខ្លាំងជាង បច្ចេក ទេសក្នុងការប្រើប្រាស់លំបាកជាង និងទីលានប្រកួតលំបាកជាងយ៉ាងណាក្តី»។

ជាមួយគ្នានេះ លោក ខៃ វណ្ណៈ អគ្គលេខាធិការ សហព័ន្ធកីឡាយានយន្តកម្ពុជាបានបង្ហាញការគាំទ្រពេញទំហឹងចំពោះឆន្ទៈរបស់កីឡាករតំណាងកម្ពុជារូបនេះជាមួយក្តីសង្ឃឹមថា ពិសិដ្ឋ នឹងធ្វើបានល្អ ក្នុងបទពិសោធន៍ការប្រកួតប្រជែងក្នុងកម្រិតខ្ពស់នេះ។

លោក ខៃ វណ្ណៈ បានលើកឡើងបែបនេះថា៖ «នៅក្នុងដំណើរគាំទ្រដល់កីឡាករ ឈឹម ពិសិដ្ឋ ត្រៀមចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី នាពេលនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ Top1 និង Mekong Motorcycle Club ដែលតែងតែគាំទ្រដល់កីឡាករចេញទៅប្រកួតនៅម៉ាឡេស៊ី ក៏ដូចជានៅក្រៅប្រទេស។ ក្នុងនាមសហព័ន្ធ យើងពិតជាដឹងពីកម្រិតបច្ចេកទេសរបស់កីឡាករកម្ពុជា ប៉ុន្តែការចេញទៅចូលរួមប្រកួតជាអន្តរជាតិនេះ គឺជាបទពិសោធន៍ ដែលយើងមានគោលបំណងកុំឱ្យកម្រិតគុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជាមានគម្លាតឆ្ងាយពេកជាមួយកីឡាករបរទេស។ បើទោះបីជាការប្រកួតកម្រិតខ្ពស់ថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីក៏ពិតមែន ប៉ុន្តែ Malaysia Superbike Champion នេះ គឺជាការប្រកួតប្រជែងខ្ពស់មួយផងដែរ»៕
ដោយ ហេង ណាលីន





