សិក្ខាសាលាផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា និងវិធានការចំពោះភាពមិនអនុលោម
AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--ក្រសួងពាណិជ្ជកម្មបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជានិងវិធានការចំពោះភាពមិនអនុលោមនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

លោក ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសថា វិស័យឯកជនពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងប្រទេសកម្ពុជា ដូច្នេះរាជរដ្ឋាភិបាលខិតខំពង្រឹងនិងជំរុញឱ្យមានការចូលរួមនិងលើកកម្ពស់វិស័យឯកជនក្នុងការយល់ដឹងពីច្បាប់គតិយុត្តពាក់ព័ន្ធនានា។ ក្រសួងពាណិជ្ជកម្មនឹងចូលរួមចែករំលែកចំណេះដឹងបទពិសោធទាក់ទងនឹងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា។ ការប្រើប្រាស់ស្លាកសញ្ញានេះវានឹងជួយបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ពង្រីកឱកាសទីផ្សារ ទាក់ទាញការវិនិយោគនិងជំរុញការនាំចេញទៅកាន់ទីផ្សារជាតិនិងអន្តរជាតិជាពិសេសទីផ្សារដែលមានតម្រូវការផលិតផលហាឡាលសម្រាប់ជនជាតិនិងបងប្អូនដែលជាសាសនិកឥស្លាម។

ទន្ទឹមនឹងនេះការប្រើប្រាស់ស្លាកសញ្ញាហាឡាលទាមទារឱ្យវិស័យឯកជនត្រូវតែចូលរួមអនុវត្តដោយសុចរិតភាពនិងគោរពតាមបទប្បញ្ញត្តិជាធរមាន។ រាល់ការប្រើប្រាស់ដោយគ្មានការ អនុញ្ញាតការក្លែងបន្លំឬការមិនអនុលោមតាមលក្ខខណ្ឌនឹងត្រូវទទួលវិធានការស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដើម្បីរក្សាភាពជឿជាក់នៃប្រព័ន្ធស្លាកសញ្ញាហាឡាលនិងការពារផល ប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាអាជីវករដែលអនុវត្តបានត្រឹមត្រូវ។ ចំពោះសហគ្រាស ក្រុមហ៊ុន តូច និងមធ្យមដែលអញ្ជើញមកក្នុងពេលនេះសូមចូលរួមស្តាប់ដោយយកចិត្តទុកដាក់ ដើម្បីជួយយកទៅផ្សព្វផ្សាយបន្ត។
ឯកឧត្តម ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះជាឱកាសមួយសម្រាប់ផ្សព្វផ្សាយជូនធុរជនបានយល់ដឹងកាន់តែច្បាស់អំពីសញ្ញាណទូទៅនៃកិច្ចការហាឡាល អត្ថប្រយោជន៍នៃការប្រើប្រាស់ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងស្លាកសញ្ញា ហាឡាល នីតិវិធីនៃការដាក់ពាក្យស្នើសុំ វិធានការចំពោះភាពមិនអនុលោម ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់និងការបង្កើនជំនឿទុកចិត្តដល់អ្នកប្រើប្រាស់ "ជាពិសេសទំនុកចិត្តពីបងប្អូនមូស្លីម" ព្រមទាំងជំរុញផលិតកម្មក្នុងស្រុកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមគូសបញ្ជាក់ថា បច្ចុប្បន្នស្លាកសញ្ញាហាឡាលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ លើបណ្ដាអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានក៏ដូចជាផលិតផល ផលិត កែច្នៃនិងវេចខ្ចប់ដែលកំពុងចរាចរនិងមានវត្តមានក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ជាគោលការណ៍ស្ម័គ្រចិត្តក៏ប៉ុន្តែការប្រើប្រាស់ស្លាកសញ្ញ ហាឡាលដោយមិនមានវិញ្ញាបនបត្រគឺជាអំពើល្មើស។
ឯកឧត្តមសង្ឃឹម និងជឿជាក់ថា កម្មវីធីនេះប្រព្រឹត្តទៅតាមការគ្រោងទុក ហើយនិងសូមគោរពជូនពរឯកឧត្តមប្រធានគណៈអធិបតី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរនិងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ ស៊ុម វណ្ណា





