កម្ពុជាបង្រួបបង្រួមវិស័យនានាដើម្បីវាយតម្លៃហានិភ័យនៃជំងឺផ្តាសាយបក្សី
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--តើកម្ពុជាអាចត្រៀមខ្លួនបានកាន់តែប្រសើរឡើងយ៉ាងដូចម្តេច ចំពោះជំងឺនានាដែលបង្កការគំរាមកំហែងដល់ទាំងមនុស្ស និងសត្វ? គឺតាមរយៈការប្រមូលផ្តុំអ្នកជំនាញផ្នែកសុខភាពមនុស្ស សុខភាពសត្វ និងសុខភាពបរិស្ថាន ឱ្យមកធ្វើការរួមគ្នា។

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា នៅខេត្តសៀមរាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) និងអង្គការពិភពលោកសម្រាប់សុខភាពសត្វ បានរៀបចំសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួម លើជំងឺផ្តាសាយបក្សីប្រភេទ A (H5N1)»។ តាមរយៈការប្រើប្រាស់ «ឧបករណ៍ប្រតិបត្តិការសម្រាប់ការវាយតម្លៃហានិភ័យរួម» របស់ FAO WHO WOAH អ្នកចូលរួមបានធ្វើការវាយតម្លៃហានិភ័យនៃជំងឺនានា និងកំណត់សកម្មភាពជាក់ស្តែងដើម្បីពង្រឹងការត្រៀមលក្ខណៈ ការតាមដានត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការទំនាក់ទំនងអំពីហានិភ័យ។ លើសពីនេះ សិក្ខាសាលា ក៏បានបណ្តុះបណ្តាលអ្នកសម្របសម្រួលថ្នាក់ជាតិ ដើម្បីដឹកនាំការវាយតម្លៃរួមគ្នានៅពេលអនាគត ដែលជួយបញ្ចូល «វិធីសាស្ត្រសុខភាពតែមួយ» (One Health approach) ទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ការ និងឆ្លើយតបចំពោះជំងឺ។

តាមរយៈការផ្សារភ្ជាប់ជំនាញពីវិស័យផ្សេងៗគ្នា កម្ពុជាកំពុងខិតខំឆ្ពោះទៅរកការរកឃើញជំងឺឱ្យបានកាន់តែឆាប់រហ័ស ការឆ្លើយតបដែលមានការសម្របសម្រួលកាន់តែប្រសើរ និងការផ្តល់ការការពារកាន់តែរឹងមាំជូនដល់មនុស្ស សត្វ និងបរិស្ថាន។

សិក្ខាសាលានេះទទួលបានការគាំទ្រពីមូលនិធិសម្រាប់ជំងឺរាតត្បាត (Pandemic Fund) និងកម្មវិធីភាពជាដៃគូផ្នែកសន្តិសុខសុខាភិបាលរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FCDO Health Security Partnership Program)៕
ដោយ ណយ នឿន (ប្រភព៖ FAO)





