ទូតកម្ពុជានៅកូរ៉េទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករ ពលការិនី ទេីបមកដល់ប្រទេសកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករ ពលការិនី ទេីបមកដល់ប្រទេសកូរ៉េខាងត្បូង នៅព្រលានយន្តហោះអុីនឆន់។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហ ការី កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករ-ពលការិនី ផ្នែកឧស្សាហកម្ម ដែលទើបមកដល់ប្រទេសកូរ៉េ នៅព្រលានយន្តហោះអុីនឆន់។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើឱ្យបងប្អូនពលករ -ពលការិនី ខិតខំប្រឹងប្រែង បំពេញការងារ អត់ធ្មត់ ពង្រឹងភាសាកូរ៉េបន្ថែម ថែរក្សាសុខភាព និងអនុវត្តវិធានការសុវត្ថិភាពការងារឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងជៀស វាងការបង្កើតក្រុមបងធំបងតូច ឬការ ប្រព្រឹត្តអំពើណាមួយដែលអាចបង្កភាពអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសកូរ៉េ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជូនពរបងប្អូនគ្រប់រូបឱ្យជួបតែសំណាងល្អ មានសុខភាពល្អមាំមួន ជោគជ័យក្នុងការងារ និងធ្វើដំណើរទៅកាន់កន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព៕
ដោយ៖ ប៊ុនរិទ្ធ





