កាកបាទក្រហមខេត្តបន្ទាយមានជ័យ បណ្តុះបណ្តាល «យុវជនជំនាន់ក្រោយ» ឱ្យក្លាយជាឆ្អឹងខ្នងនៃសកម្មភាពមនុស្ស ធម៌ និងការសង្គ្រោះជីវិត
AKPបន្ទាយមានជ័យថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៦-- ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់យុវជនឱ្យក្លាយជាកម្លាំងចលករដ៏សកម្មក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចុះបើកវគ្គបំប៉នជំនាញយ៉ាងសំខាន់ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទ ក្រហ មកម្ពុជា ចំនួន ៥១នាក់ នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ដើម្បីពង្រឹងចំណេះដឹងផ្នែកជំនាញសង្គ្រោះ និងការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពសហគមន៍កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៦។ 
វគ្គបំប៉ននេះមិនត្រឹមតែផ្តោតលើទ្រឹស្តីប្រវត្តិសាស្ត្រ និងគោលការណ៍គ្រឹះនៃចលនាកាកបាទក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជំនាញជាក់ស្តែងដែលចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ។ ក្រោមការសម្របសម្រួលពីក្រុមប្រតិបត្តិសាខា ដឹកនាំដោយលោកស្រី មឿត លាបភា នាយិការងសាខា យុវជនទាំងអស់បានទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់លើបច្ចេកទេសសង្គ្រោះបឋម ការដាក់ស្ថានភាពដំណេក ការសង្គ្រោះវិបត្តិផ្លូវដង្ហើម (សន្លប់បាត់ស្មារតី លង់ទឹក និងឆក់ខ្សែភ្លើង) សម្រាប់ទាំងមនុស្សពេញវ័យ កុមារ និងទារក។

ការឆ្លើយតបក្នុងគ្រាអាសន្នការសង្គ្រោះករណីស្លាក់ និងការហូរឈាម ដែលជាជំនាញមានសារៈសំខាន់បំផុតនៅពេលជួបហេតុការណ៍ជាក់ស្តែង។
ការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីទប់ស្កាត់ និងត្រៀមលក្ខណៈក្នុងគ្រោះមហន្តរាយ។
សុវត្ថិភាពចរាចរណ៍ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីក្លាយជាអ្នកប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយទំនួលខុសត្រូវ។
លោកស្រី មឿត លាបភា បានគូសបញ្ជា ក់ថា ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃការសម្រេចឱ្យបាននូវយុទ្ធសា ស្ត្រឆ្នាំ២០២១-២០៣០ របស់កាកបាទ ក្រហមកម្ពុជា ដែលមានគោលដៅ «គ្រួសារ១ មានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់»។
លោកស្រីបានកោតសរសើរចំពោះស្មារតីស្ម័គ្រចិត្តរបស់យុវជនដែលបានលះបង់កម្លាំងកាយចិត្តចូលរួមក្នុងសកម្មភាពមនុស្សធម៌។

លោកស្រីបានបន្ថែមថាចំណេះដឹងទាំងនេះមិនមែនសម្រាប់តែទុកក្នុងសៀវភៅនោះទេ ប៉ុន្តែត្រូវយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងគ្រួសារ កន្លែងរៀនសូត្រ និងសហគមន៍។ យុវជនគឺជាទូតសុច្ឆន្ទៈដែលនឹងនាំយកចំណេះដឹងពីកាកបាទក្រហម ទៅចែករំលែកដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយហានិភ័យ និងជួយសង្គ្រោះជីវិតមនុស្សបានទាន់ពេ លវេលា។

តាមរយៈវគ្គបំប៉ននេះ យុវជនកាកបាទក្រ ហមទាំង ៥១នាក់ មិនត្រឹមតែបានយល់ច្បាស់ពីនិមិត្តសញ្ញា និងអត្តសញ្ញា ណរបស់ចលនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំ ងទទួលបាននូវទំនុកចិត្តក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍របស់ខ្លួន។ នេះគឺជាជំហានមួយទៀតដែលកាកបាទក្រហមកម្ពុជា បាននឹងកំពុងវិនិយោគលើធនធានមនុ ស្សវ័យក្មេង ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋគំរូ និងជាអ្នកសង្គ្រោះបឋម ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយសង្គមជាតិទាំងមូល៕
ដោយ៖ឈុនសារ៉ាត





