កិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីការបើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ ជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--កិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីការបើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនយោធិន ក្នុងកងយោធពលខេមរភូមិន្ទ បានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឹដើម្បីស្តាប់ដោយផ្ទាល់នូវស្ថានភាពជាក់ស្តែង បទពិសោធន៍ ការលំបាក បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពនីមួយៗ ក្នុងការត្រៀម និងអនុវត្តន៍ការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ។ មតិយោបល់ និងធាតុចូលទាំងអស់ដែលទទួលបានពីអង្គប្រជុំនេះ នឹងត្រូវប្រមូលជាធាតុចូលដើម្បីសិក្សា វិភាគបូកសរុប និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីពិចារណាដាក់ចេញនូវវិធានការដឹកនាំ និងដោះស្រាយឱ្យសមស្របតាមសភាពជាក់ស្តែង។

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាប្រចាំការ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានគាំទ្រលើគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ស្តីពីបើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ។ ក្នុងនោះ តាមរយៈអង្គភាពមួយចំនួនដែលបានឡើងធ្វើបទអន្តរាគមន៍ ហើយក៏បានលើកឡើងនូវចំណុចមួយចំនួន ដើម្បីដាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិនិត្យ សម្រេច និងស្នើឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បូកសរុបរបាយការណ៍កិច្ចប្រជុំនេះជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជ្រាប ដើម្បីសម្រេចដំណោះស្រាយបញ្ហាផ្សេងៗ ហើយនឹងបន្តអញ្ជើញមន្ត្រីជំនាញមកជួបជុំគ្នាពិភាក្សា និងមានការណែនាំជាក់ស្តែង ដើម្បីដំណើរការការងារនេះ ក្នុងរយៈពេល១ឆ្នាំនេះ ដោយខិតខំធ្វើការងារនេះទាំងអស់គ្នាឱ្យបានជោគជ័យ។
សូមបញ្ជាក់ថា យោងតាមការផ្តល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ អគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដើម្បីរៀបចំការបើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកគម្រោងពង្រីកវិសាលភាពនៃការបើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនកងយោធពលខេមរភូមិន្ទ។ ក្រុមការងារនេះបានរៀបចំកិច្ចប្រជុំកាលពីខែមិថុនា ឆ្នាំ២០២៦ ដោយឈរលើមូលដ្ឋានកិច្ចប្រជុំក្រុមការងារនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការសម្រេច ការណែនាំដ៏ខ្ពង់ខ្ពស់ អនុញ្ញាតឱ្យក្រសួងការពារជាតិអាចជ្រើសរើសធនាគារមួយឬច្រើន ក្នុងចំណោមធនាគារចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ តាមការឯកភាពគ្នារវាងអង្គភាពសាម៉ី ក្រោមឱវាទក្រសួងការពារជាតិ។

ជាមួយគ្នានេះ មន្ត្រីជំនាញក្រសួងការពារជាតិ ក៏បានយកចិត្តទុកដាក់ត្រៀមបញ្ជីឈ្មោះបញ្ជីគម្រោងបើកប្រាក់បៀវត្សប្រចាំខែតាមទម្រង់តែមួយ ដែលបានកំណត់គ្រប់បណ្តាអង្គភាពទាំងអស់ សម្រាប់ត្រៀមបញ្ចូលក្នុងប្រព័ន្ធ។ បន្តពង្រឹងនីតិវិធីអនុវត្តន៍ប្រចាំខែក្នុងការផ្តល់ទិន្នន័យជូនធនាគារជាដៃគូសម្រាប់យោធិនបើកបៀវត្សតាមធនាគារ ពង្រឹងការរក្សាការសម្ងាត់កងទ័ពឱ្យបានខ្ពស់ ត្រៀមក្រុមការងារជំនាញដើម្បីអនុវត្តន៍ដោយបណ្តុះបណ្តាលពង្រឹង សមត្ថភាពបន្ថែម ទាំងថ្នាក់លើ ទាំងបណ្តាភូមិភាគ កងពល និងអង្គភាពចំណុះទាំងអស់ឱ្យចេះប្រើប្រាស់កម្មវិធីធនាគារឌីជីថល និងប្រព័ន្ធគ្រប់គ្រងការបើកប្រាក់តាមអ៊ីនធឺណែត។
ជាមួយនេះ ក៏បន្តសហការល្អជាមួយធនាគារដៃគូ ជាមួយនឹងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការអនុវត្តបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ ជូនយោធិនទូទាំងកងយោធពលខេមរភូមិន្ទ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ ចំណុចមួយទៀត អត្ថប្រយោជន៍នៃការបើកគណនេយ្យនេះ គឺទាក់ទងទៅនឹង ប.ស.ស ផងដែរ ពីព្រោះថា ប.ស.ស មិនមានបើកផ្តល់ជាសាច់ប្រាក់ទេ គឺគេបញ្ចូ លទៅតាមប្រព័ន្ធធនាគារ មានន័យថា គេបញ្ចូលទៅក្នុងគណនេយ្យរបស់យោធិនម្នាក់ៗ៕
ដោយ សំ សាម៉ន





