ប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់ បង្ហាញបំណងទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលវិនិយោគ និងឱកាសសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -- លោក Ahmad M. Alaeddine ប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់ (Chairman of the Association of Bulgarian-Arab Economic Chambers)បានបង្ហាញអំពីបំណងច្បាស់លាស់ក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីសក្តានុពលវិនិយោគ និងឱកាសសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជា។ ការលើកឡើងរបស់លោកប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ចបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី កាលពីថ្ងៃទី១៣ កក្កដា ២០២៦ នៅទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្គារី ដោយក្នុងជំនួបនេះ បានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី។

ក្នុងឱកាសនោះ លោក Ahmad M. Alaeddine បានលើកឡើងពីគម្រោងដឹកនាំគណៈប្រតិភូធុរកិច្ចទៅជាមួយ ដើម្បីសិក្សាពីឱកាសនាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ កាហ្វេ ម្រេច គ្រាប់ស្វាយចន្ទី តែ ម្ទេស និងផលិតផលកែច្នៃផ្សេងៗ។

ជាមួយគ្នានេះ ក្នុងនាមជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់លោកប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់ ហើយបានជម្រាបជូនថា ឯកឧត្ដម នឹងសម្របសម្រួល និងជួយរៀបចំជំនួបជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។ ឯកឧត្ដមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមថា នៅពេលទៅទស្សនកិច្ចនៅកម្ពុជា នឹងមានការរៀបចំដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេស និងជួបពាណិជ្ជករកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់អាជីវកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានពិភាក្សាផងដែរអំពីលទ្ធភាពប្រើប្រាស់ប្រទេសប៊ុលហ្គារី ជាច្រកចូលទីផ្សារសហភាពអឺរ៉ុប (EU Gateway) សម្រាប់ផលិតផលកម្ពុជា ជាពិសេសសម្រាប់ទីផ្សារប្រជាជនកម្ពុជា នៅអឺរ៉ុប និងអ្នកប្រើប្រាស់អឺរ៉ុបទូទៅ។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារីបានសង្កត់ធ្ងន់ថា៖ «ជំនួបនេះបានបង្ហាញពីឆន្ទៈរួមក្នុងការពង្រឹងការទូតសេដ្ឋកិច្ច (Economic Diplomacy) តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ និងការតភ្ជាប់វិស័យឯកជនរវាងកម្ពុជា និងប៊ុលហ្គារី ដោយមានស្ថានទូតកម្ពុជា នៅទីក្រុងសូហ្វៀ ជាស្ពានសម្របសម្រួល ដើម្បីបំលែងឱកាសទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមក»៕
ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី





