ឯកឧត្តម សុខ លូ ចុះពិនិត្យព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
AKP បាត់ដំបង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមពីអាជីវករ កសិករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន។

ក្នុងឱកាសនោះ ឯកឧត្តម បានអញ្ជើញដើរពិនិត្យតាមស្តង់តាំងបង្ហាញ និងលក់ផលិតផល ព្រមទាំងសំណេះសំណាលជាមួយកសិករម្ចាស់ចម្ការ ដែលបាននាំយកផ្លែឈើក្នុងស្រុក ជាពិសេសទុរេន និងផលិតផលកសិកម្មផ្សេងៗ មកដាក់តាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ឯកឧត្តម បានលើកទឹកចិត្តដល់កសិករ និងអាជីវករ ឱ្យបន្តរក្សាគុណភាពផលិតផល អនាម័យ និងសេវាកម្មល្អ ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវ និងរួមចំណែកផ្សព្វផ្សាយកសិផលខេត្តបាត់ដំបងឱ្យកាន់តែមានទីផ្សារទូលំទូលាយ។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ រៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការដាក់តាំងបង្ហាញ និងលក់ផ្លែឈើ កសិផល និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ ក្នុងគោលបំណងលើកកម្ពស់ទីផ្សារកសិផល និងជំរុញវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ៕


ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





