ឯកឧត្តម ផាន់ ចាន់ធុល ជំរុញឱ្យពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅខេត្តបន្ទាយមានជ័យ ខណៈលទ្ធផលឆមាសទី១ បង្ហាញពីភាពវិជ្ជមាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីបន្តធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន យន្តការរឹតបន្តឹង និងវាយតម្លៃលើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ត្រូវបានលើកយកមកពិភាក្សាយ៉ាងស៊ីជម្រៅ។
ជាក់ស្តែង នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តន៍ការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ និងធ្វើការរបាយការណ៍យ៉ាងលម្អិតដោយបានបង្ហាញពីលទ្ធផលការងារយ៉ាងសកម្មដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆមាសទី១ កន្លងទៅ។ លទ្ធផលវិជ្ជមាន ដែលយើងទទួលបានក្នុងឆមាសទី១ នេះ គឺស្តែងចេញពីការខិតខំប្រឹងប្រែងរួមគ្នា ដោយគ្មានខ្លាចនឿយហត់របស់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាលុបបំបាត់បទល្មើស និងបម្រើសេវាជូនប្រជាពលរដ្ឋដោយតម្លាភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមពីទិសដៅការងារយ៉ាងម៉ឺងម៉ាត់សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការបង្កើនប្រសិទ្ធភាពសេវាសាធារណៈនៅតាមប៉ុស្តិ៍រដ្ឋបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
មានប្រសាសន៍ដឹកនាំ និងផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តន៍គោលនយោបាយដ៏មានសារៈសំខាន់នេះប្រកបដោយផ្លែផ្កា និងមានការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ និងណែនាំដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ថាត្រូវបន្តក្តាប់ឱ្យបានជាប់នូវរាល់សភាពការណ៍សន្តិសុខ ទាំងនៅក្នុងភូមិសាស្ត្រក្រុង-ស្រុក និងតាមព្រំដែន។
បង្កើនការអប់រំផ្សព្វផ្សាយ និងបង្ក្រាប រាល់បទល្មើសក្មេងទំនើង គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ដែលជាកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ។ ពង្រឹងសមត្ថភាពមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងភាពទន់ភ្លន់ ធ្វើយ៉ាងណាឱ្យ ភូមិ-ឃុំ-សង្កាត់ ក្លាយជាកន្លែងរស់នៅប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុត។

សូមបញ្ជាក់ថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ, ស្ថាប័នពាក់ព័ន្ធ, មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ, អភិបាលក្រុង-ស្រុក, អធិការនគរបាលក្រុង-ស្រុក, មេប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ព្រមទាំងមេឃុំ-ចៅសង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ ក្នុងស្មារតីប្តេជ្ញាចិត្តរួមគ្នាតែមួយ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
ដោយ ឈុន សារ៉ាត





