សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប១ឆ្នាំនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរជាមួយសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង បងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ47 COM 8B.14 នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

តាមរយៈសារលិខិតអបអរសាទរ សម្ដេចធិបតី បានឱ្យដឹងថា ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមាន អតីតមន្ទីរឃុំឃាំង១៣ (ម-១៣) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបន្សល់ទុកជាកេរមរតកនៃការចងចាំ ការរៀនសូត្រ មេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ ព្រមទាំងជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាងនិងការការពារសន្តិភាព។
មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញ ពីការតស៊ូ ការលះបង់ដ៏ខ្ពស់បំផុត និងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ដើម្បីសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាជូនប្រជាជនកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការកសាងនិងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
ទន្ទឹមនេះ សម្ដេចធិបតី បានធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារណ៍ដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំនិង មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។
សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះអង្គការយូណេស្កូភ្នំពេញ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ស្ថាប័នជំនាញអន្តរជាតិICOMOS និងICCROM អង្គការKOICA អង្គការGIZ-CPS អ្នកជំនាញជាតិ-អន្តរជាតិ និងអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដែលបានគាំទ្រចំពោះដំណើរការចុះបញ្ជីនិងទទួលស្គាល់នូវតម្លៃជាសកលនៃបូជនីយដ្ឋានចងចាំនៃកម្ពុជានេះ ដែលជាសាក្សី នៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រមួយដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូលជាពិសេសការចងចាំនិងការការពារសន្តិភាព។
ជាមួយគ្នានេះ សម្ដេចសូមណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ ថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយ ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា ហើយត្រូវធានាការការពារទីតាំងនេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងត្រូវបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្សឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
សម្ដេច ក៏អំពាវនាវដល់គ្រប់បណ្តាញសារព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទីតាំងប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ ក្នុងឱកាសប្រារព្ធខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំផុសបន្ថែម នូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នា ការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”។
សូមសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ទ្រង់បានប្រកបនិងប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ គង់ សិរីរ័ត្ន





