ឯកឧត្តម ឌិត ទីណា កោតសរសើរស្មារតីរឹងមាំរបស់ពលរដ្ឋ «ភូមិរង់ចាំ» ក្នុងការស្តារជីវភាព
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីតស៊ូដ៏រឹងមាំរបស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុង «ភូមិរង់ចាំ» ឃុំស្លក្រាម ស្រុកស្វាយចេក ដែលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាក ដើម្បីកសាង និងស្តារជីវភាពរស់នៅឡើងវិញ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួនប្រកបដោយក្តីក្តុកក្តួល និងមោទនភាពថា «ខ្ញុំពិតជាកោតសរសើរពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅ “ភូមិរង់ចាំ” ចំពោះស្មារតីដ៏រឹងមាំ និងការទំនួលខុសត្រូវខ្ពស់របស់ពុកម៉ែបងប្អូន។ បើទោះបីស្ថិតក្នុងស្ថានភាពបណ្តោះអាសន្ននៅឡើយ ប៉ុន្តែបងប្អូនបានបង្ហាញពីគំរូដ៏ល្អប្រពៃក្នុងការរៀបចំសហគមន៍ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យខ្ពស់»។

ការថ្លែងកោតសរសើរនេះ មិនត្រឹមតែជាការលើកទឹកចិត្តដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើដែនអធិបតីភាពកម្ពុជា ឬការភៀសសឹកកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីលទ្ធផលផ្លែផ្កានៃការរួមរស់រាន និងការរៀបចំខ្លួនរបស់សហគមន៍មូលដ្ឋាន ទោះបីជាស្ថិតក្នុងស្ថានភាពបណ្តោះអាសន្នក៏ដោយ។ «ភូមិរង់ចាំ» បានប្រែក្លាយខ្លួនជាគំរូមួយក្នុងការគ្រប់គ្រងសហគមន៍ឱ្យមានសណ្តាប់ធ្នាប់ និងអនាម័យ ដែលជាគ្រឹះដ៏សំខាន់ក្នុងការបង្ការជំងឺដង្កាត់ និងលើកកម្ពស់គុណភាពជីវិត។

ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា ក៏បានផ្តល់នូវក្តីសង្ឃឹម និងការធានាយ៉ាងមុតមាំជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា «យើងនឹងបន្តពង្រឹងនិងគាំទ្រជីវភាពពុកម៉ែបងប្អូនជានិច្ច»។ ការប្តេជ្ញាចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រី គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសការជួយជ្រោមជ្រែងផ្នែកកសិកម្ម មុខរបរ និងការរក្សាស្ថិរភាពជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពល្អប្រសើរ និងរឹងមាំថែមទៀតនាពេលអនាគត៕
ដោយ៖ ឈុន សារ៉ាត





