កម្ពុជា និងក្រូអាស៊ី ពង្រឹងភាពជាដៃគូទ្វេភាគី និងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិនៅក្នុងវេទិកា Dubrovnik ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគី ជាមួយឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី ក្នុងអំឡុងពេលនៃការចូលរួមវេទិកា Dubrovnik ២០២៦ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ យុគសម័យពហុប៉ូលទិសដៅច្រើន អនាគតតែមួយ (The Age of Multipolarity: Many Directions, One Future) កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ខ្ញុំសូមអរគុណចំពោះប្រទេសក្រូអាស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃវេទិកា Dubrovnik ២០២៦ ដោយជោគជ័យ។ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខ និងការជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Gordan Grlić Radman ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជានាពេលខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានអរគុណចំពោះសមិទ្ធផលជាទីកត់សម្គាល់របស់ប្រទេសក្រូអាស៊ី ក្នុងការអភិវឌ្ឍជាតិចាប់ តាំងពីទទួលបានឯករាជ្យរបស់ខ្លួន និងតួនាទីរបស់ក្រូអាស៊ីនៅក្នុងសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ។ ខ្ញុំសូមចូលរួមអបអរសាទរប្រទេសក្រូអាស៊ី ដែលសម្រេចបានគោលដៅប្រទេសគ្មានមីន កាលពីខែមីនា ឆ្នាំ២០២៦ កន្លងមក និងសម្តែងការទទួលស្គាល់ភាពឈានមុខរបស់ក្រូអាស៊ីក្នុងសកម្មភាពមីនមនុស្សធម៌ និងការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រូអាស៊ី ចំពោះការអនុវត្តអនុសញ្ញាអូតាវ៉ា និងសកម្មភាពមីនសកល។

ក្នុងជំនួបនោះ ឯកឧត្ដម លី ធុជ និងឯកឧត្តម Gordan Grlić Radman បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ក្រូអាស៊ី បន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានផលប្រយោជន៍ ទៅវិញទៅមក រួមមានការទូត ពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ កិច្ចការ មនុស្សធម៌ និងសកម្មភាព មីន។ កម្ពុជា និងក្រូអាស៊ី មានសាមគ្គីភាព ក្នុងការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើមូលដ្ឋានច្បាប់ និងបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយផលវិបាកបង្កដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីជំហររបស់កម្ពុជាទាក់ទង នឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ការប្តេជ្ញាចិត្តមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយ សន្តិវិធីតាមរយៈការសន្ទនា យន្តការទ្វេភាគីដែលមានស្រាប់ និងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ កម្ពុជាក៏សូមអំពាវនាវដល់ប្រទេសក្រូអាស៊ី សហ ភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ឱ្យបន្តគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តម Gordan Grlić Radman បានស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវមិត្តភាពយូរអង្វែងរវាងប្រទេសក្រូអាស៊ី និងកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា ទោះបីជាប្រទេសទាំងពីរមានភាសា វប្បធម៌ និងប្រពៃណីខុសគ្នាក៏ដោយ «ប្រជាជនគឺដូចគ្នា» ដោយគូសបញ្ជាក់ថា ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការយូរអង្វែង។
ឯកឧត្តមក៏បានលើកឡើងអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើមូលដ្ឋានច្បាប់ជាសសរស្តម្ភសំខាន់ៗសម្រាប់រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្ររបស់ប្រទេសក្រូអាស៊ី ចំពោះគោលការណ៍ទាំងនេះក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម Grlić Radman ក៏បានជម្រាបអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម មកកាន់ប្រទេសកម្ពុជា ដែលអមដោយគណៈប្រតិភូពីវិស័យនានា ដើម្បីស្វែងយល់ពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ រួមទាំងសកម្មភាពមីនផងដែរ។ ប្រទេសក្រូអាស៊ីសូមគាំទ្រចំពោះការជំរុញកិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្សេងៗ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ក្រូអាស៊ីទៅកាន់កម្រិតថ្មីមួយនៃភាពជាដៃគូ៕
ដោយ សួស សំរិត





