មន្ទីរពេទ្យបង្អែកសិរីសោភ័ណផ្លាស់ទៅទីតាំងថ្មីលំដាប់ទំនើប ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខុមាលភាពប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦-- វិស័យសុខាភិបាលនៅក្នុងខេត្តបន្ទាយមានជ័យ បានឈានដល់របត់ផ្លាស់ប្តូរជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងទិសដៅពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ តទៅ មន្ទីរពេទ្យបង្អែកសិរីសោភ័ណ នឹងត្រូវបញ្ឈប់ការផ្តល់សេវានៅទីតាំងចាស់ (ស្ថិតក្នុងសង្កាត់ព្រះពន្លា) ហើយដូរទៅបើកទ្វារបម្រើសេវាជូនសាធារណជនជាផ្លូវការនៅទីតាំងថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ និងទំនើបកម្មខ្លាំងជាងមុន។

ទីតាំងថ្មីដ៏មានសក្តានុពលនេះ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លាតសន្ធឹងលើផ្ទៃដីធំទូលាយរហូតដល់ទៅជាង ២ហិកតា។
ថ្លែងប្រាប់ក្រុមការងារព័ត៌មានក្នុងការចុះពិនិត្យ និងផ្តិតរូបភាពផ្ទាល់ កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកសិរីសោភ័ណ បានគូសបញ្ជាក់ពីមោទនភាពចំពោះសមិទ្ធផលថ្មីនេះថា ទីតាំងថ្មីនេះមិនត្រឹមតែមានទីធ្លាធំទូលាយ ផ្តល់នូវផាសុកភាពល្អ និងខ្យល់អាកាសបរិសុទ្ធសម្រាប់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអគារពេទ្យធំៗស្កឹមស្កៃ រួមនឹងបន្ទប់ពិនិត្យព្យាបាលធំទូលាយស្រឡះល្អ។ អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ «ការបំពាក់នូវឧបករណ៍ និងសម្ភារៈបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗទំនើបៗ»ដែលផ្តល់ជូនដោយក្រសួងសុខាភិបាល ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការវិនិច្ឆ័យ និងព្យាបាលជំងឺ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តទ្វេរដងលើសេវាសុខាភិបាលសាធារណៈ។

លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ បានមានប្រសាសន៍បន្ថែមថាចំពោះការរៀបចំបន្ទប់សម្រាកព្យាបាលវិញ គឺយើងបានបែងចែកដាច់ដោយឡែកពីគ្នា យ៉ាងមានរបៀបរៀបរយ និងគោរពតាមគោលការណ៍សមធម៌ ក្នុងនោះមានបន្ទប់ដាច់ដោយឡែកសម្រាប់ ប្រជាពលរដ្ឋទូទៅ កុមារ ព្រះសង្ឃ និងវីរកងទ័ព ជាដើម ដើម្បីធានាបាននូវការយកចិត្តទុកដាក់ និងផ្តល់កិត្តិយសខ្ពស់ជូនដល់គ្រប់សមាសភាពក្នុងសង្គម។

ការលេចចេញរូបរាងឡើងនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណទីតាំងថ្មីដ៏ទំនើបនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មដ៏រស់រវើកដែលស្តែងចេញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ គឺមានក្រសួងសុខាភិបាលជាសេនាធិការ ក្នុងការគិតគូរជាយុទ្ធសាស្ត្រ ជំរុញការកសាង និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្ត ឱ្យមានលក្ខណៈទំនើបកម្មជាបន្តបន្ទាប់។ ការវិនិយោគលើវិស័យសុខាភិបាលនៅខេត្តជាប់ព្រំដែនមួយនេះ គឺជាការឆ្លើយតបយ៉ាងចំទិសដៅទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅរកសេវាព្យាបាលនៅឆ្ងាយៗ ឬនៅក្រៅប្រទេស និងឆ្លុះបញ្ចាំងពីគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» របស់រាជរដ្ឋាភិបាល ក្នុងការខិតខំផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។

សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញទៅទទួលសេវាពិនិត្យ ព្យាបាល និងពិគ្រោះជំងឺផ្សេងៗនៅទីតាំងថ្មី (ភូមិព្រហូត សង្កាត់អូរអំបិល) ចាប់ពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ដើម្បីទទួលបាននូវបទពិសោធន៍នៃការព្យាបាលប្រកបដោយផាសុកភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត៕
ដោយ ឈុន សារ៉ាត





