គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាចុះវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សារបស់សាកលវិទ្យាល័យវេស្ទើន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦-- គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដឹកនាំដោយ ឯកឧត្តម លី វុទ្ធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានបានចុះវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សារបស់សាកលវិទ្យាល័យវេស្ទើន ដែលធ្វើឡើងរយៈពេល៥ថ្ងៃ ដើម្បីពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ និងសំណូមពររបស់គ្រឹះស្ថានឧត្តមសិក្សាសម្រាប់ស្តង់ដារនីមួយៗ សំដៅធានាថាគ្រឹះស្ថានផ្ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបបានទៅនឹងស្តង់ដារទទួលស្គាល់គុណភាពអប់រំ កំណែទម្រង់ឧត្តមសិក្សា និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងអំឡុងពេលចុះពិនិត្យវាយតម្លៃ ក្រុមការងារបានធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងព័ត៌មានដែលបានមកពីការសិក្សាឯកសារ ការអង្កេត ការសម្ភាសន៍ និងការស្ទង់មតិជាមួយភាគីពាក់ព័ន្ធ រួមមាន៖ ក្រុមប្រឹក្សាភិបាល បុគ្គលិកសិក្សា និងគ្រូបង្រៀន និស្សិត និងអតីតនិស្សិត និយោជក ដើម្បីវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ និងសំណូមពរកន្លងមក។

ជាលទ្ធផល ឯកឧត្តម លី វុទ្ធី បានធ្វើបទបង្ហាញលទ្ធផលបឋម និងបានវាយតម្លៃខ្ពស់លើលទ្ធផលសម្រេចបានរបស់គ្រឹះស្ថាន ព្រមទាំងលើកទឹកចិត្តឱ្យខិតខំអនុវត្តបន្តទៀត ដើម្បីលើកកម្ពស់ឧត្តមភាពគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យវេស្ទើន ជាពិសេសការិយាល័យធានាគុណភាពផ្ទៃក្នុង ដែលបានផ្ដល់កិច្ចសហការ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





