មន្ទីរព័ត៌មានខេត្តតាកែវ បន្តយុទ្ធនាការប្រយុទ្ទប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដល់សិស្សានុសិស្សអនុវិទ្យាល័យ និងវិទ្យាល័យអង្គរកា នៅក្នុងស្រុកត្រាំកក់
AKP តាកែវ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- មន្ទីរព័ត៌មានខេត្តតាកែវ បានបន្តយុទ្ធនាការផ្សព្វផ្សាយក្រោមប្រធានបទ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)" ជំហានទី២ ដោយផ្ដោតគោលដៅសំខាន់ទៅលើយុវជន និងសិស្សានុសិស្ស។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវិទ្យាល័យអង្គរកា ស្ថិតនៅក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

អញ្ជើញជាអធិបតីក្នុងពិធីនោះ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានមានប្រសាសន៍សំណេះសំណាល និងបានផ្ដាំផ្ញើ ក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ថា ក្នុងនាមជាយុវជនបន្តវេន និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏សកម្ម ប្អូនៗត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់មុននឹងចុច Like ឬចែករំលែកព័ត៌មានណាមួយ ដោយត្រូវអនុវត្តតាមគោលការណ៍ សង្កេតមុនជឿ ពិចារណាមុនចែករំលែក ពោល គឺត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលជាវីរុសបំផ្លាញសន្តិសុខសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោក ហ៊ត មនោ បានធ្វើការអំពាវនាវដល់សិស្សានុសិស្ស ដែលប្រើប្រាស់បណ្ដាញសង្គម Facebook និង Tiktok ប្រសិនបើជួបព័ត៌មានមិនពិតសូមកុំចែករំលែកបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនរួមគ្នាកាត់ផ្ដាច់ដោយបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយ គឺជាអាវុធលាក់មុខ ដែលអាចបំផ្លាញទំនុកចិត្ត សណ្ដាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលបានយ៉ាងងាយ។ ដូច្នេះ ប្អូនៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ Facebook និង Tiktok មុននឹងមLike ឬចែករំលែក ត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការ ដើម្បីរួមគ្នាបង្កើតសង្គម Digital មួយ ដែលមានសុវត្ថិភាព និងទំនុកចិត្ត។

លោក ហ៊ត មនោ បានមានប្រសាសន៍បន្តថា ក្រសួងព័ត៌មានបានណែនាំដល់យុវជន ត្រូវប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួន Facebook Tiktok និង Telegram ដើម្បីចែករំលែកចំណេះដឹង ការអប់រំ និងវប្បធម៌ល្អៗ ជំនួសការចែករំលែកព័ត៌មាន ដែលបង្កើតការរើសអើងនិងការស្អប់ខ្ពើម។ ដូច្នេះ យុវសិស្សទាំងអស់ត្រូវចាត់ទុកបច្ចេកវិទ្យា ដូចជាស្មាតហ្វូន ជាកញ្ចក់ឆ្លុះការពិត និងជាខែលសុវត្ថិភាព ដើម្បីការពារសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមជាតិ ព្រោះថាសុវត្ថិភាពមានក្នុងសហគមន៍ ត្រូវចាប់ផ្តើមចេញពីសិស្សម្នាក់ៗ និងពលរដ្ឋគ្រប់រូប។

លោក ហ៊ត មនោ បានមានប្រសាសន៍បន្ថែមថា យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃព័ត៌មានមិនពិត និងការបណ្ដុះបណ្ដាលជំនាញឌីជីថលជាមូលដ្ឋានដល់ស្រទាប់យុវជន និងសិស្សានុសិស្ស ឱ្យចេះវិភាគ វាយតម្លៃ និងទទួលយកតែព័ត៌មានផ្លូវការ ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ៕
ដោយ៖ អ៊ុច សៀង





