រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំប្រចាំ ឆមាសទី១ ឆ្នាំ២០២៦ ស្ដីពីគម្រោងអាហាររូបត្ថម្ភកម្ពុជា
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ស្ដីពីអាហាររូបត្ថម្ភកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារអាហារូបត្ថម្ភថ្នាក់ខេត្ត តំណាងមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ ក្រុមការងារអាហារូបត្ថម្ភ ថ្នាក់ក្រុង ស្រុក ក្រុមការងារអាហារូបត្ថម្ភថ្នាក់ឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ បានយកចិត្តទុកដាក់យ៉ាងសំខាន់។ បច្ចុប្បន្ន ប្រទេសមួយចំនួនក្នុងពិភពលោក បាននិងកំពុងប្រឈមវិបត្តិសន្តិសុខស្បៀង និងការប្រែ ប្រួលអាកាសធាតុ។ កម្ពុជាមិនត្រឹមតែបញ្ចៀសបាននូវវិបត្តិស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញនូវវិធានការ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយគុណភាពទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសស្រូវអង្ករ។

ទន្ទឹមនឹងនេះ លោកស្រីបានបន្តថា ពាក់ព័ន្ធដល់ដំណើរ ការនៃការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ឆ្នាំ២០២៦- ២០២៨ ដោយកំណត់គោលដៅគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងផែនការសកម្មភាពជាច្រើនសំដៅសម្រាលនូវផលប៉ះពាល់ទៅលើអាកាសធាតុដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងការលើកកម្ពស់ ឥណទានបៃតង ទីផ្សារកាបូនជាដើម និងការសម្របតាមការប្រែប្រួលអាកាសធាតុដោយផ្អែកលើមូលដ្ឋាននៃការកាត់បន្ថយភាពងាយរងគ្រោះពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។


លោកស្រីអភិបាលរងខេត្តបានជម្រុញដល់គ្រប់មន្ទីរ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និងអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្ដល់របបអាហារសុខភាព និងអាហារូបត្ថម្ភ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពឆ្នាំ២០៣០៕
ដោយ៖ បៃ ស៊ីថុន





