កិច្ចប្រជុំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី «ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»។

កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដោយមានការចូលរួមពី អនុប្រធានមន្ទីរព័ត៌មានខេត្ត, លោក-លោកស្រីអភិបាលក្រុង/ស្រុក, កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងតំណាងគណបក្សនយោបាយនានាផងដែរ។
នៅក្នុងឱកាសនោះ លោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះមានសារៈសំខាន់ណាស់ ក្នុងការស្រង់ស្ថិតិប៉ាន់ស្មាន ដើម្បីធ្វើបច្ចុប្បន្នភាព និងរៀបចំបញ្ជីឈ្មោះបោះឆ្នោតឱ្យបានពេញលេញ ត្រឹមត្រូវ និងមានតម្លាភាព។ លោកបានសង្កត់ធ្ងន់លើកិច្ចការងារបច្ចេកទេសសំខាន់ៗចំនួន ០៤ ដែលត្រូវអនុវត្ត រួមមាន៖ ការស្រង់ឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត, ការស្រង់ឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជី (ករណីមរណភាព), ការដកហូតសិទ្ធិបោះឆ្នោតចំពោះបុគ្គលដែលកំពុងជាប់ពន្ធនាគារ (ទណ្ឌិត) និងការកំណត់ចំនួនការិយាល័យបោះឆ្នោត ឱ្យបានច្បាស់លាស់ស្របតាមភូមិសាស្ត្រជាក់ស្តែង។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជា និងស្នើដល់លោក-លោកស្រីអភិបាលក្រុង/ស្រុក ដែលជាអ្នកទទួលបន្ទុកផ្ទាល់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមួយចំនួន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតាមបណ្តាឃុំ/សង្កាត់ ជុំវិញសេចក្តីណែនាំ និងនីតិវិធីផ្សេងៗ ជាពិសេសការសម្របសម្រួល និងការគ្រប់គ្រងលើការលើកស្លាកគណបក្សនយោបាយនានា ឱ្យមានរបៀបរៀបរយ និងគោរពតាមច្បាប់បោះឆ្នោត។ ត្រូវចាត់វិធានការក្តៅក្នុងការជំរុញ និងការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន និងទាន់ពេលវេលា នៅតាមការិយាល័យច្រកចេញចូលតែមួយ តាមឃុំ/សង្កាត់ និងត្រូវចុះជួយសម្របសម្រួលផ្ទាល់រហូតដល់តាមបណ្តារោងចក្រ សហគ្រាស ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ-កម្មការិនី និងប្រជាពលរដ្ឋក្នុងការធ្វើឯកសារគតិយុត្ត (អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណ) សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់បន្ថែមថា ជោគជ័យនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ទៅបាន គឺអាស្រ័យលើការប្តេជ្ញាចិត្ត និងកិច្ចសហការជិតស្និទ្ធ រវាងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក្នុងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានខ្ជាប់ខ្ជួន និងមានការទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ៖ ម៉ែន ប៊ុនធីម





