កម្ពុជាកំពុងសិក្សាស្នើសុំដាក់ទីក្រុងកំពត ក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៦--រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ប៉ែន មុនីមករា និងភាគីពាក់ព័ន្ធបានរួមគ្នាបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ។សិក្ខាសាលានេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ក្រសួងវប្បធម៌បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០២៦នេះថា អង្គសិក្ខាសាលានេះក៏មានការចូលរួមពី ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងតំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រិតសម្រាំងខ្លឹមសារសេចក្តីព្រាងឯកសារស្នើសុំរបស់ក្រុងកំពត ឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ស្របតាមលក្ខណៈវិនិច្ឆ័យរបស់បណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ។

ទន្ទឹមនឹងនេះ សិក្ខាសាលាក៏បានផ្តល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់មតិយោបល់ ធាតុចូល និងអនុសាសន៍នានា ដើម្បីពង្រឹងគុណភាពឯកសារមុនដាក់ជូនអង្គការយូណេស្កូជាផ្លូវការ នាពេលខាងមុខ៕

ដោយ មករា





