ទេសរដ្ឋមន្ត្រី ថោង ខុន ដាក់ចេញយុទ្ធសាស្ត្រ៤ជំហាន ដើម្បីស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប “ពីដើមខ្សែ ដល់ចុងខ្សែ”
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យមានភាពរស់រវើកឡើងវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ហៅកាត់ថា (គ.អ.ទ.ស) បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តយុទ្ធសាស្ត្រតាមខ្សែច្រវាក់តម្លៃទេសចរណ៍ចំនួន៤ជំហានធំៗ “ពីដើមខ្សែ ដល់ចុងខ្សែ”។

បើតាម ឯកឧត្តម ថោង ខុន យុទ្ធសាស្ត្រទាំង៤ជំហាននេះ រួមមាន៖ ទី១.ការកំណត់ និងទាក់ទាញទីផ្សារអាទិភាព និងទីផ្សារគោលដៅថ្មីៗ ការជំរុញការទូតទេសចរណ៍ ការកសាងទំនុកចិត្តឡើងវិញ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងរដូវកាលបៃតង ដោយផ្ដោតលើយុទ្ធសាស្ត្រ “តម្លៃប្រៀបធៀប”។ ទី២.ការដោះស្រាយបញ្ហាការតភ្ជាប់ជើងហោះហើរដែលកំពុងខ្វះខាត តាមរយៈការផ្ដល់កញ្ចប់លើកទឹកចិត្តផ្នែកអាកាសចរណ៍ ការសិក្សាលទ្ធភាពបន្ថែមលើនីតិវិធីច្រកទ្វារព្រំដែន ការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ។ ទី៣.សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាបប្រកបដោយភាពកក់ក្ដៅ ដែលជាចំណុចស្នូលក្នុងការធ្វើពិពិធកម្មផលិតផល “លើសពីប្រាសាទ” នៅក្នុងតំបន់អាទិភាពទាំង៦ ការកាត់បន្ថយភាពធ្លុះធ្លាយសេដ្ឋកិច្ចក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍ និងការធ្វើកំណែទម្រង់បណ្ណទស្សនាអង្គរ ដើម្បីឆ្លើយតបនឹងតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ និងទី៤.ការធានាសន្តិសុខ សុវត្ថិភាព អនាម័យចំណីអាហារ ទប់ស្កាត់ និងបោសសម្អាតបទល្មើស និងការឆបោក យុទ្ធនាការ “គ្មានប្លាស្ទិក” ការសម្រួលប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ភ្ញៀវបរទេស ដើម្បីធានាថាភ្ញៀវទេសចរទទួលបាននូវបទពិសោធល្អៗប្រកបដោយការចងចាំល្អ និងត្រឡប់មកវិញជាលើកទី២។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃបេសកកម្មនេះមិនអាចសម្រេចបានដោយស្ថាប័នរដ្ឋតែមួយនោះទេ ប៉ុន្តែទាមទារនូវការចូលរួមពីគ្រប់តួអង្គក្រោមអភិក្រមភាពជាដៃគូ “រដ្ឋ ឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ” ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ឯកឧត្តមបានលើកឡើងពីប្រសាសន៍របស់សម្ដេចមហាបវរធិបតីថា៖ “ការទាញទេសចរមកសៀមរាប គឺការទាញមកកម្ពុជាទាំងមូល”។

សូមជម្រាបផងដែរថា ការលើកឡើងរបស់ឯកឧត្តម ថោង ខុន យ៉ាងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តុះ
បណ្តាលផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងកិច្ចពិគ្រោះយោបល់លើការរៀបចំសេចក្ដីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងអ្នកពាក់ព័ន្ធ។ ពិធីនេះមានការប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន៤៥រូប មកពីអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់ភ្នំគូលែនក្រុងសៀមរាប បន្ទាយស្រី និងតំបន់បឹងទន្លេសាប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ដែលការបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជួរមុខក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុក “មនុស្ស” ជាស្នូលនៃការអភិវឌ្ឍ៕

ដោយ ចាន់ សុភឿន (ប្រភព៖ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ)





