ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូខេត្តទស្សនាប្រាសាទបន្ទាយឆ្នារ ក្នុងខេត្តបន្ទាយមានជ័យ
AKPខេត្តព្រះសីហន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៦– បន្ទាប់ពីបានចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ ទិសខេត្តឧត្តរមានជ័យរួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រ តិភូខេត្តព្រះសីហនុទស្សនកិច្ចប្រាសាទបន្ទាយឆ្នារ ស្ថិតនៅឃុំបន្ទាយឆ្នារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ័ន្មទី៧ ចុងសតវត្សទី១២ និងដើមសតវត្សទី១៣ កាលពីថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២៦ ។

ប្រាសាទបន្ទាយឆ្មារ កសាងឡើងក្នុងរាជព្រះបាទជ័យវរ័ន្មទី៧ ចុងសតវត្យទី១២ និងដើមទសវត្យទី១៣ តាមរចនាបទខ្មែរ ដែលមានក្បាច់ចម្លាក់ និងរចនាសម្ព័ន្ធរបស់ប្រាសាទស្ទើរតែទាំងអស់ បានដួលរលំដោយកត្តាផ្សេងៗ។ ចម្លាក់នៅតាមរោងទងទី៣ បានដួលរលំអស់ប្រហែល ៧០ភាគរយ នៅសល់តែក្បាច់ចម្លាក់តែមួយចំនួននៅតាមជ្រុងតែប៉ុណ្ណោះ ហើយក៏បាននឹងកំពុងប្រឈមហានិភ័យដែលអាចដួលរលំនៅថ្ងៃអនាគត។

ក្នុងនោះដែរ រោងទងខាងលិច ផ្នែកខាងត្បូង ដែលមានចម្លាក់រូបលោកេស្វរៈដៃ២២ និងដៃ៣២ មានហានិភ័យខ្ពស់ដែលអាចដួលរលំទាំងស្រុង គឺដោយសារមានដើមស្តង់មួយដើមយ៉ាងធំបានដុះនៅផ្នែកខាងលិចក្បែរជញ្ជាំង ហើយឫសរបស់វាបានដុះចាក់ញែកតាម ចន្លោះថ្មរបស់ស៊ុមទ្វារ និងនៅផ្នែកខាងក្រោមថ្ម ធ្វើឲ្យថ្មជញ្ជាំងក្រៀកហែកញែកចេញពីគ្នា។

ដោយសង្កេតឃើញថា ហានិភ័យនៅចំណុចនេះមានកម្រិតកាន់តែខ្លាំងទើបនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណបានធ្វើការកាប់ដើមស្តង់ ១ដើម និងដើមស្លែង ១ដើមផ្នែកខាងលិច និងដើមចំបក់ ចម្រៀក ១ដើមនៅផ្នែកខាងត្បូង ហើយបានរើជញ្ជាំងដែលមានរូបព្រះលោកេស្វរៈដៃ២២ និងដៃ៣២ រួចរៀបតាមលំនាំដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ។

ការងារនេះ គឺបានទទួលថវិកាពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងនោះដែរអង្គការមូលនិធិបេតិកភណ្ឌពិភពលោក GHF ក៏បានឲ្យនាយកដ្ឋានខ្ចីរថយន្តស្ទូចមួយគ្រឿងសម្រាប់បំពេញ ការងារជួសជុលនេះផងដែរ។

ក្នុងឪកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការបួងសួង សូមឪ្យដួងព្រលឹងព្រះ បាទជ័យវរ័ន្មទី៧ ក៏ដូចជាបុព្វបុរសខ្មែរ សូមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ជាពិសេសវីរកងទ័ពរបស់កម្ពុជា ដែលបាននឹងកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែ នកម្ពុជា ថៃ ទាំងអស់ឪ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃឈ្នះអស់មារសត្រូវកុំបីឃ្លាងឃ្លៀតឡើយ ៕
ដោយ៖ ងូ សុមុនី





