ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ចុះកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច នឲងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៤ លើទឹកប្រាក់១៦លានដុល្លារ
AKP ភ្នំពេញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៦--នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៤ដែលចំនួន១៣ បន្តកិច្ចព្រមព្រៀង និងចំនួន១ជាកិច្ចព្រមព្រៀងថ្មី ។

ក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលបានចុះហត្ថលេខានាពេលនេះ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ១១ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៣ ដោយភាគច្រើនអនុវត្តគម្រោង នៅរាជធានីភ្នំពេញ និងមួយចំនួនតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងទំហំគម្រោង ថវិកា សរុបប្រមាណ ១៦លានដុល្លារអាមេរិក ដោយសាមីអង្គការជាអ្នកអនុវត្តគម្រោងដោយផ្ទាល់សម្រាប់រយៈពេល៣ឆ្នាំ (២០២៦-២០២៩)។កិច្ចព្រមព្រៀងនេះផ្ដោតលើការងារ៣ធំៗរួមមាន កិច្ចការពារកុមារ គាំពារជនរងគ្រោះ និងសុខុមាលភាពជនពិការ។

សូមជម្រាបផងដែរថា ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបន្តបង្កើតឡើង តាមរយៈការចុះកិច្ចព្រមព្រៀងគម្រោងជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ មានសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងស.អ.យ. មានចំនួន ១៦៣ ដែលក្នុងនោះកំពុងអនុវត្តគម្រោងកិច្ចការពារកុមារចំនួន ១១២ កិច្ចការគ្រួសារចំនួន ៨ គាំពារជនរងគ្រោះចំនួន ២៩ ជនមានពិការភាពចំនួន ១៣ និងមនុស្សចាស់ចំនួន ១ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





