ពិធីសូត្រមន្តចំរើនព្រះបរិត្តដើម្បីថ្វាយព្រះពរជ័យសិរីមង្គលក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គល សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា
AKP កំពង់ធំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ -- លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ព្រះមន្ត្រីសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈកម្មាធិការសាខា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ព្រះវស្សា ព្រមទាំងរៀបចំប្រគេនទាយ្យវត្ថុ ចង្ហាន់គ្រឿងឧបភោគបរិភោគ និងបច្ច័យវេរប្រគេនព្រះសង្ឃចំនួន ៣វត្តនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ។

នៅក្នុងឱកាសនេះ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានទ្បេីងអានសារថ្វាយព្រះពរ និងនិមន្តព្រះសង្ឃ ជយន្តោ ប្រាស់ព្រំ ថ្វាយសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលបានវេប្រគេនព្រះសង្ឃរួមមាន ទឹកបរិសុទ្ធ ២០កេស អង្ករ ៥០០គីឡូក្រាម ស្លាដក់ ០៥ឈុត និងថវិកាមួយចំនួន។

សម្រាប់យុវជនកាកបាទក្រហមកម្ពុជា ទីប្រឹក្សាចំនួន ២០នាក់ក្នុងម្នាក់ទទួលបានថវិកាចំនួន ១ម៉ឺនរៀល និងលោកយាយ លោកតាចំនួន ១០នាក់ក្នុងម្នាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល៕


ដោយ៖ ស៊ុម វណ្ណា





