រដ្ឋបាលខេត្តឧត្តរមានជ័យបើកកិច្ចប្រជុំការងារវិស័យរ៉ែ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦-- នៅសាលប្រជុំប្រាសាទខ្នារនៃសាលាខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉េត មាសភក្តី អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំការងារវិស័យរ៉ែ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីររ៉ែ និងថាមពលខេត្ត តំណាងរដ្ឋបាលក្រុង ស្រុកទាំង៥ ព្រមទាំងមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើនរូបទៀត។

លោក ម៉េត មាសភក្តី លើកឡើងថា ការគ្រប់គ្រង ការពារ និងការអភិវឌ្ឍធនធានរ៉ែប្រកបដោយចីរភាព ស្របតាមច្បាប់និងបទដ្ឋានបច្ចេកទេស គឺជាកត្តាគន្លឹះក្នុងការធានានូវផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានក្នុងមូលដ្ឋាន។

លោកបានបន្តថា ការពិនិត្យ តាមដាន និងវាយតម្លៃលើស្ថានភាពអាជីវកម្មរ៉ែគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ធានាឱ្យបាននូវការគោរពច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ឱ្យមានភាពត្រឹមត្រូវ និងមានអាជ្ញាប័ណ្ណច្បាស់លាស់។ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរជំនាញ និងរដ្ឋបាលមូលដ្ឋាន (ក្រុង-ស្រុក-ឃុំ-សង្កាត់) ក្នុងការចុះត្រួតពិនិត្យទីតាំងអាជីវកម្មជាក់ស្តែង បង្ការ និងទប់ស្កាត់រាល់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ ឬសកម្មភាពណាដែលបង្កផលប៉ះពាល់ដល់ផ្លូវថ្នល់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបានធ្វើការណែនាំដល់គ្រប់រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់ក្តាប់រាល់វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងវិស័យនេះ ដើម្បីរួមគ្នាកសាងសហគមន៍ឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ច ស្របគ្នាជាមួយនឹងការការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

ដោយ ទិត ស្រ៊





