សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានភាពល្អ និងរឹងមាំ ហើយកំពុងពូនជ្រំ នៃទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងប្រវត្តិសាស្រ្ដទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានភាពល្អ និងរឹងមាំ ហើយកំពុងពូនជ្រំនៃទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ នេះបើតាការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម Henock Puraro សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឯកឧត្តម Puraro និងគណៈប្រតិភូ មកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានឆ្លៀតឱកាសអរគុណចំពោះបដិសណ្ឋារកិច្ចចំពោះសម្ដេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនកិច្ចរបស់សម្ដេចកាលពីឆ្នាំ២០២៥ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី គឺមានទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម Henock Puraro បានសម្ដែងនូវការអរគុណជាអនេកប្បការ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ ឯកឧត្តម បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ីដែលមានភាពរឹងមាំក្នុងរយៈពេល ៧៥ឆ្នាំកន្លងមក ដោយ ឯកឧត្តមបានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីថា ជាបងប្អូននឹងគ្នា។ ឯកឧត្តមបន្តថា ប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នា ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនេះ ក៏ជាផ្នែកមួយនៃការរុញច្រានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងការអប់រំរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តម Henock Puraro បានបង្ហាញផងដែរថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាគ្នាលើគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្គួចផ្ដើមនាពេលកន្លងមករបស់សម្ដេចតេជោ និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូណេស៊ី។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការអរគុណចំពោះការលើកឡើងដ៏ល្អរបស់ឯកឧត្តម Henock Puraro ចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី។ សម្ដេចតេជោ បានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ដទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានភាពល្អ និងរឹងមាំ ហើយកំពុងពូនជ្រំនៃទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ សម្ដេចតេជោ បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះកាន់តែមានភាពបើកជំហរ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀត។ សម្ដេចតេជោ បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។ បន្ថែមលើនេះ ប្រទេសទាំងពីរបានភ្ជាប់ជើងហោះហើរជាមួយគ្នារួចហើយ សម្ដេចតេជោ ក៏ចង់ឱ្យប្រទេសទាំងពីរជំរុញនូវជើងហោះហើរឱ្យមានការកើនឡើងកាន់តែច្រើនបន្ថែមទៀតដើម្បីជំរុញដល់វិស័យទេសចរណ៍ និងការផ្ដល់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពមមាញឹកជាងមុន។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនទានចំពោះគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្គួចផ្ដើមដោយសម្ដេច និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូណេស៊ី ដោយបានចែករំលែកនូវចំណុចស្នូលមួយចំនួនដែលវេទិកានេះគួរតែធ្វើនៅពេលខាងមុខ និងធ្វើការពិភាក្សា សិក្សាស្រាវជ្រាវបន្ថែមទៀត ថាតើលទ្ធភាព និងតួនាទីនៃវេទិកាប្រធានព្រឹទ្ធសភាអាស៊ាននេះត្រូវធ្វើនៅក្នុងក្របខ័ណ្ឌណា៕
ដោយ៖ ជឹម ណារី





